ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ រួមគ្នាកសាងផ្ទះរបស់យើងឱ្យមានភាពស្អាត សម្រាប់ជីវិត និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាឱ្យល្អប្រសើរ

«បរិស្ថានគឺជាជីវិត ដើម្បីឱ្យជីវិតយើងរស់នៅបានល្អ ក្នុងនោះចាំបាច់ត្រូវមានការចូលរួមសាមគ្គីគ្នា ដើម្បីរៀបចំសម្អាតផ្ទះរបស់យើង ឱ្យមានភាពស្អាត មានបរិស្ថានស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ និងមានជីវភាពរីកចម្រើន។»

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកទេសពាក់ព័ន្ធនឹង ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រយៈពេល១០ឆ្នាំ ២០២៦-២០៣៦ រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុនMizuda Group Co.,Ltd។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងសង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានរៀបចំឡើង បានឆ្លើយតបនឹងបន្តមរតកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដ៏យូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន ដែលមានការរីកចម្រើនគ្រប់វិស័យទាំងអស់ ក្នុងនោះមានវិស័យបរិស្ថានផងដែរ និងការឆ្លុះបញ្ចាំងកាន់តែច្បាស់ពីចំណងមិត្តភាព ដែកថែបភាពជាបងប្អូននៃប្រទេសទាំងពីរ។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនMizuda Group Co.,Ltd នឹងចាប់ផ្តើមធ្វើការរៀបចំឯកសារលើផែនការវាយតម្លៃ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីធ្វើការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន តាមស្តង់ដារ និងមានអនាម័យល្អ ស្របតាមច្បាប់របស់កម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតសំខាន់ការគ្រប់គ្រងនិងការញែកសំរាម ការទាញយកតម្លៃសេដ្ឋកិច្ចពីសំរាម និងការកែច្នៃសំរាម សម្រាប់ថាមពលអគ្គិសនីប្រើប្រាស់ជាដើម នៅតាមទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន នៅតាមទីលានទុកដាក់សំរាមនៅតាមបណ្តាខេត្តនានា។

សូមបញ្ជាក់ថា ស្របនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើការអប់រំ ផ្សព្វផ្សាយ តាមរយៈយុទ្ធនាការនានា ដោយចាប់ផ្តើមពីការធ្វើឱ្យភាពស្អាត នៅក្នុងខ្លួនបុគ្គលម្នាក់ៗ បន្តមកភាពស្អាតនៅក្រៅខ្លួន ដែលត្រូវធ្វើសកម្មភាពសម្អាត មានការទុកដាក់សំរាម ដើម្បីកម្ពុជាមានភាពស្អាតជានិច្ចនិរន្តរិ៍ បន្ទាប់មកទៀត គឺការបន្តធ្វើឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត លើឆាកអន្តរជាតិ មានភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕