អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារឆ្នាំ២០២៥និងលើកទិសដៅឆ្នាំ២០២៦ដើម្បីត្រៀមលក្ខណៈសម្រាប់សន្និបាតក្រសួងព័ត៌មាន

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងកែសម្រួលរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់កម្មវិធីសន្និបាតរបស់ក្រសួងព័ត៌មាននាពេលខាងមុខ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

អង្គប្រជុំបានលើកពីសមិទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៥សំខាន់ៗដែល ទូរទស្សន៍ជាតិកម្ពុជាសម្រេចបានក្នុងឆ្នាំកន្លងទៅ រួមមាន៖ការផ្សព្វផ្សាយព័ត៌មានបានបន្តដើរតួនាទីជាស្ពានចម្លងព័ត៌មានដ៏មានទំនុកចិត្ត រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជាពិសេសការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ជាតិសំខាន់ៗ។

ការពង្រឹងការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម និងការឈានទៅរកការផ្សាយតាមប្រព័ន្ធឌីជីថលពេញលេញ។ការកែលម្អគុណភាពកម្មវិធីអប់រំ កម្សាន្ត និងវប្បធម៌ ឱ្យកាន់តែសម្បូរបែប។

បន្ទាប់ពីការពិភាក្សាយ៉ាងផុសផុល កិច្ចប្រជុំបានដាក់ចេញនូវទិសដៅសំខាន់ៗសម្រាប់ឆ្នាំ២០២៦ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមាន៖ការពង្រឹងគុណភាពមាតិកា៖ ផ្តោតលើព័ត៌មានពិត រហ័ស និងមានភាពទាក់ទាញ។បង្កើនសមត្ថភាពមន្ត្រីលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការផលិតមាតិកា។

ឯកឧត្តម សំបូរ វណ្ណារិទ្ធ និង ឯកឧត្តម ឃឹម វុទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានរួមគ្នាជម្នះរាល់បញ្ហាប្រឈម រហូតសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យរាល់ទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្នុងសន្និបាតនាពេលឆាប់ៗខាងមុខនេះ។