គណ:ប្រតិភូក្រុមហ៊ុន Da Guang Food Group ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ

នៅសាលាខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា កុកហុង ប្រធានគម្រោងអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា បានដឹកនាំគណប្រតិភូក្រុមហ៊ុន Da Guang Food Group Co, Ltd ជាសហគ្រាសកសិចំណីអាហារឈានមុខគេរបស់ប្រទេសចិន ដែលគ្របដណ្តប់ការបង្កាត់ពូជជ្រូក ការផលិតចំណីសត្វ និងកែច្នៃចំណីអាហារ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ ។

ឯកឧត្តម អភិបាលខេត្ត បានមានមានប្រសាសន៍ស្វាគមន៍ដល់គណៈប្រតិភូក្រុមហ៊ុន Da Guang Food Group Co, Ltd មកកាន់ខេត្តព្រះសីហនុ និងបានបញ្ជាក់ថាខេត្តព្រះសីហនុជាខេត្តស្ថិតនៅទិសនារតី នៃប្រទេសកម្ពុជា ដែលមានសក្តានុពលលើវិយដឹកជញ្ជូនមានដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវទឹក មានកំពង់ផែចំនួន៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទំនិញចេញចូល ៧០ភាគរយនៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុជា ៣តំណាក់កាល ពីឆ្នាំ២០២៤-២០៣០មានជំរៅទឹក ១៧.៥០ម៉ែត្រ អាចនិយាយបានថា នៅឆ្នាំ២០៣០ នាវាតូច ធំដែលធ្វើចរាចរណ៍នៅលើពិភពលោកអាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន។ ព្រលានយន្តហោះអន្តរជាតិ បច្ចុប្បន្នមានផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ អាចឱ្យយន្តហោះប្រភេទធំចុះចតបាន មានការហោះហើរត្រង់ពីប្រទេសចិនចំនួន ៤គោលដៅ និងសង្ឃឹមថានឹងមានការហោះហើរត្រង់មកពីប្រទេសចិនបន្ថែមទៀត ។ ដោយឡែកផ្លូវគោកមានដូចជាផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ដោយសារខេត្តព្រះសីហនុមានសក្តានុពល នៃការដឹកជញ្ជូន រាជរដ្ឋាភិបាលបានរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលចែកជា ៤ហ្សូន ១.តំបន់ឧស្សហកម្ម និងភស្តុភាកម្ម ច្រកចេញចូលអន្តរជាតិ មានទំនាក់ទំនងទៅនឹងទីផ្សារអន្តរជាតិ ២.ទីក្រុងសមាហរណ្មកម្ម តំបន់រស់នៅ ពាណិជ្ជកម្ម ឬទីក្រុងហិរញ្ញវត្ថុអន្តរជាតិ ៣.ទេសចរណ៍ធម្មជាតិ (តំបន់កោះ) ៤.តំបន់កសិកម្ម វារីវប្បកម្ម ការកែច្នៃផលនេសាទ ។

លោក ចាង សឹងស៊ីន Zhan Shengxun បានអោយដឹងដែរថា ការចូលជួបពិភាក្សានាពេលនេះដោយផ្តោតការអភិវឌ្ឍចិញ្ចឹមជ្រូកនៅខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃវិស័យកសិកម្មនៅកម្ពុជា មានដូចជាការថែទាំ បង្កើតពូជ ការផ្តល់ និងផ្គត់ផ្គង់ចំណីសត្វ ក្រុមហ៊ុនបានពង្រីកអាជីវកម្មនៅប្រទេសចិនចំនួន ៥ខេត្ត និងបន្តពង្រីកអាជីវកម្មមកកាន់ខេត្តព្រះសីហនុ ដោយផ្តោតសំខាន់ទៅលើជ្រូកមានគុណភាពសាច់ល្អចូលក្នុងទីផ្សារ ការធ្វើកសិកម្មនៅកម្ពុជា ផ្តោតទៅលើជ្រូក មាន់ និងស៊ុតមាន់ដែលជាតម្រូវការក្នុងទីផ្សារនៅកម្ពុជា ហើយការវិនិយោគ ចញ្ចឹមជ្រូកនៅខេត្តព្រះសីហនុ។

លោក បានបញ្ជាក់ថា ចាប់ផ្តើមការចិញ្ចឹម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជា ទាក់ទងនិងវិស័យកសិកម្មនៅកម្ពុជា ចំណីសត្វក៏ជារឿងមួយសំខាន់ធ្វើឱ្យសត្វចិញ្ចឹមធំធាត់ទទួលបានលទ្ធផលល្អ ម៉្យាងទៀតនៅកម្ពុជា កត្តាអាកាសធាតុអំណោយផលល្អក្នុងការចិញ្ចឹមជ្រូក ហើយអ្វីដែលលោកចាប់អារម្មណ៍ស្របតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនឆ្នាំ២០២៦ ដល់២០៣០ ធ្វើការវិនិយោគនៅក្រៅប្រទេស ហើយក្រុមហ៊ុនជ្រើសរើសកម្ពុជា ជាពិសេសខេត្តព្រះសីហនុជាប្រទេសអាទិភាពក្នុងការវិនិយោគចិញ្ចឹមជ្រូក ក្នុងនោះយើងក៏គិតគូរអំពីបរិស្ថានផងដែរ ការចិញ្ចឹមមាន់ ក៏ជាគោលដៅរបស់ក្រុមហ៊ុន ស្របពេលដែលខេត្តព្រះសីហនុ មានសក្តានុពលលើវិស័យដឹកជញ្ជូនមានដូចជាផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងការទាក់ទាញវិនិយោគ ទន្ទឹមនោះលោកប្រធានក្រុមហ៊ុន ក៏បានស្នើសុំការគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការវិនិយោគចិញ្ចឹមជ្រូកនៅខេត្តព្រះសីហនុ។

ក្រោយការជួបពិភាក្សា ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា ការចាប់ដៃគូរនឹងឈានទៅកាន់ភាពរីកចម្រើនទាំងអស់គ្នារវាងរដ្ឋបាលខេត្តនិងក្រុមហ៊ុន ស្របតាមចក្ខុវិស័យរបស់រដ្ឋបាលខេត្តព្រះសីហនុ ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់រដ្ឋបាលខេត្តព្រះសីហនុ ៕