ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែមករា ឆ្នាំ២០២៦ ខាងមុខ,

(ភ្នំពេញ ) កិច្ចប្រជុំពិភាក្សាការងារសំខាន់ៗចុងក្រោយរបស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាត ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួង ក្រោមការដឹកនាំកិច្ចប្រជុំ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា ដោយទទួលការសម្រេចឯកភាពពីប្រមុខរាជរដ្ឋាភិបាល, ក្រសួងព័ត៌មាន បានត្រៀមរៀបចំសន្និបាតបូកសរុបការងាររបស់ខ្លួនរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ដើម្បី បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ក្នុងការបំពេញការងារសម្រេចបានក្នុងរយៈពេលពេញ ១ឆ្នាំ២០២៥កន្លងមកនេះ ហើយលើកទិសដៅអនុវត្តន៍បន្តនៅឆ្នាំ២០២៦ ដើម្បីបន្តរួមគ្នាបំពេញឲ្យសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត។
តាមរយៈការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន ក៏ដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ក្នុងរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា ហើយដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន ធ្វើឡើងក៏ជាការចូលរួមក្នុងគោលនយោបាយកំណែទម្រង់សុីជម្រៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ដើម្បីធ្វើឲ្យដំណើរការនៃអង្គសន្និបាតប្រព្រឹត្តទៅដោយរលូន ឯកឧត្តម រដ្ឋមន្ត្រ្តី បានបង្កើត គណៈកម្មការ និងអនុគណៈកម្មការ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ហើយគណៈកម្មការនេះមានតួនាទីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំសន្និបាតឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ សម្របសម្រួល និងផ្តល់ការណែនាំដល់គ្រប់អនុគណៈកម្មការ លើរាល់ការអនុវត្តកិច្ចការ រដ្ឋបាល ហិរញ្ញវត្ថុ និងការងារបច្ចេកទេសតាមតួនាទី ភារកិច្ច និងពេលវេលាដែលបានកំណត់ និងអនុវត្តនូវរាល់បណ្តាភារកិច្ចនានា តាមការណែនាំរបស់ប្រធានគណៈកម្មការ។
គួរបញ្ជាក់ដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត,
ក្រសួងព័ត៌មាន ដែលមាន ឯកឧត្តម នេត្រ ភក្ត្រា ជារដ្ឋមន្ត្រី បានដឹកនាំរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួន បានចំនួន ២លើករួចមកហើយ ដោយបានបង្ហាញពីសមិទ្ធផលថ្មីៗគួរជាទីមោទនៈ៕