ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាកឦសាន “ក.វ.ឦសាន” បើកកិច្ចប្រជុំពិភាក្សាលើការអនុវត្តគោលការណ៍លើកទឹកចិត្តពិសេស ការអនុគ្រោះនិង ការសម្របសម្រួលនីតិវិធី លើគម្រោង ចំនួន ៤ នៅខេត្តក្រចេះ និងខេត្តរតនគិរី

នាព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានដឹកនាំកិច្ចប្រជុំ ក្រុមការងារ ដើម្បីពិភាក្សាជំរុញការផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្របសម្រួលនីតិវិធីលើគម្រោងចំនួន ៣ ដែលទទួលបានការអនុម័តគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល នៅខេត្តក្រចេះ និងរតនៈគិរី និងការពិនិត្យទិដ្ឋភាពបច្ចេកទេសនៃគម្រោងទើបស្នើថ្មី ចំនួន ១ គម្រោង នៅខេត្តក្រចេះ ។ គម្រោងទាំង ៤ នេះ មានទុនវិយោគសរុប ៣៥៥ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១២ ៣០០ កន្លែង ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រីតំណាង ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងដែនដី នគរូបនីយកម្មនិង សំណង់, ក្រសួងបរិស្ថាន, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងតំណាងរដ្ឋបាលខេត្តខេត្តក្រចេះ និង ខេត្តរតនគិរី និងមន្ត្រីជំនាញពាក់ព័ន្ធ ។

រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍វិនិយោគលើគម្រោងចំនួន ៣ រួចរាល់ហើយ គឺ ១). ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយមានដែនកំណត់ របស់ក្រុមហ៊ុនថាហ្រ្គី-រតនគិរី ធ្វើកិច្ចសហការជាមួយក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ លើផ្ទៃដី ៣០០ហិកតានៅខេត្តរតនគិរី, ២). ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយមានដែនកំណត់របស់ក្រុមហ៊ុនថាហ្រ្គី-ក្រចេះ សហការជាមួយក្រុមហ៊ុន សុវណ្ណ វុទ្ធី លើផ្ទៃដី ៣១០ហិកតា នៅខេត្តក្រចេះ, និង ៣). ការអនុញ្ញាតឱ្យក្រុមហ៊ុនឥណ្ឌូចិន រ៉ាប់ប៊ើ វិនិយោគលើគម្រោងដាំដើមឈើ ក្រោមលក្ខខណ្ឌនៃ «កិច្ចព្រមព្រៀងស្តារព្រៃឈើ» នៅខេត្តក្រចេះ ។

ដោយឡែក, សម្រាប់គម្រោងទី ៤ របស់ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក នៅខេត្តក្រចេះ ក្រុមការងារបានពិនិត្យទិដ្ឋភាពបច្ចេកទេស នៃសំណើវិនិយោគរបស់ក្រុមហ៊ុន ដែលមានបំណងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ដាំប្រភេទឈើនាំចូល (អាកាស្យាអ៊ីប្រីត ប្រេងខ្យល់ ការប៉ង់ឌុលលង់ស៊ីស និងប្រភេទឈើក្នុងស្រុក), បង្កើតរោងចក្រកែច្នៃឈើក្ដារបន្ទះ និងបង្កើតមន្ទីរពិសោធន៍បណ្ដុះពូជឈើ ។

ជាលទ្ធផល, អង្គប្រជុំបានសម្រេច និង ឯកភាពរួមគ្នា លើការកំណត់លក្ខខណ្ឌបច្ចេកទេស យន្តការ និង ការបំពេញនីតិវិធីនានា ដើម្បីបន្ត និងពន្លឿនការអនុវត្តការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្របសម្រួលនីតិវិធី ក្នុងការរៀបចំកិច្ចសន្យាសហការអភិវឌ្ឍវិនិយោគ សម្រាប់គម្រោងដែលទទួលបានគោលការណ៍វិនិយោគរួចរាល់ ពីរាជរដ្ឋាភិបាល និងបានស្វាគមន៍ចំពោះគម្រោងស្នើថ្មី ផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ជូនអង្គប្រជុំថា ការអនុម័តគោលការណ៍វិនិយោគ គឺជាជំហានដ៏មានសារសំខាន់មួយ, ប៉ុន្តែ ទន្ទឹមនេះ ការផ្តល់ការលើកទឹកចិត្ត និងការផ្តល់ការអនុគ្រោះជាក់ស្តែង គឺជាការងារចាំបាច់ ដែល ក.វ.ឦសាន ត្រូវបំពេញ ហើយការងារនេះទៀតសោត ទាមទារឱ្យមានការឆ្លើយតបឱ្យបានទាន់ពេលវេលា ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនអាចចាប់ផ្តើមសកម្មភាពវិនិយោគជាក់ស្តែងរបស់ខ្លួន បានទាន់ពេលវេលា ស្របតាមផែនការវិនិយោគរបស់ក្រុមហ៊ុន ប្រកបដោយទំនុកចិត្ត និង មានអនុលោមភាពគតិយុត្ត ។

ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសារសំខាន់នៃអភិក្រមការងារ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈ “យន្តការច្រកចេញ-ចូលតែមួយ” ក្នុងការផ្តល់ការលើកទឹកចិត្ត និងលិខិតអនុញ្ញាតទាំងឡាយដល់ក្រុមហ៊ុន ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ជាមួយនឹងការសម្រេចចិត្តរួមគ្នា នៅក្រោមការសម្របសម្រួលរួម របស់ក្រុមការងារ ក.វ.ឦសាន ដោយផ្អែកលើទិដ្ឋភាពច្បាប់ និង បច្ចេកទេសដែលមានជាធរមាន ។

ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារបច្ចេកទេស បន្តពិនិត្យ និង ដោះស្រាយលើទិដ្ឋភាពបច្ចេកទេស និងនីតិវិធីពាក់ព័ន្ធ ឱ្យបានឆាប់រហ័ស និងផ្តល់ការលើកទឹកចិត្ត និងការអនុគ្រោះជាក់ស្តែងដល់ក្រុមហ៊ុន ស្របតាមគោលការណ៍វិនិយោគ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន នាពេលកន្លងមក ៕