NOCC និង AMCHAM ចុះអុនស្សារណៈយោគយល់គ្នា ដើម្បីគាំទ្រ និងឧបត្ថម្ភអត្តពលិកកម្ពុជា ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋ អាមេរិក
គម្រោងឆ្ពោះទៅអូឡាំពិក ឆ្នាំ២០២៨ (LA Olympic Games 2028) ត្រូវបានចាប់ផ្តើមហើយ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AMCHAM) ដើម្បីគាំទ្រ និងឧបត្ថម្ភអត្តពលិកកម្ពុជា ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋ អាមេរិក ។
ពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AMCHAM) បានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមករានេះ នៅទីស្នាក់ការ NOCC ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងលោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AMCHAM) ។
លោក Casey Barnett ប្រធានសភាពពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា (AMCHAM) បានថ្លែងពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន អាមេរិក ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់កីឡាករ កីឡាការិនីកម្ពុជា ឲ្យមានសមត្ថភាពកម្រិតខ្ពស់ និងសម្រេចឲ្យបាននូវគោលដៅ របស់កម្ពុជា ក្នុងការស្វែងរក ឲ្យបានមេដាយដំបូងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។
លោក Casey Barnett បានបន្តទៀតថា ការគាំទ្រកីឡា គឺគាំទ្រគោលការណ៍ចំនួន ២ គឺទី១ ភាពជាកីឡាករ-កីឡាការិនី រួមមានភាពស្មោះត្រង់ ការគោពរច្បាប់ និងទី២ ការពុះពារឧបសគ្គគ្រប់បែបយ៉ាង នេះជាគោលការណ៍សំខាន់ ក្នុងការអភិឌ្ឍនប្រទេសកម្ពុជា ឲ្យមានការកំនើនសេដ្ឋកិច្ច។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ មានប្រសាសន៍ថា ពិធីចុះអនុស្សារណៈយោគយល់នេះ ជាសញ្ញាណវិជ្ជមានមួយរបស់កម្ពុជា ដែលកាន់តែធ្វើឲ្យសហព័ន្ធកីឡាជាតិកាន់តែខំប្រឹង និង កីឡាករ កីឡាការិនី កាន់តែប្រឹងប្រែង រួមគ្នាឈានឆ្ពោះទៅកាន់មួយកម្រិតទៀតនៃកីឡា ។
ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ថា សំខាន់មួយទៀត គឺទទួលបានការគាំទ្រ ពីស្ថានទូត សហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា ជាការគាំទ្រផ្នែកកីឡាដ៏សំខាន់បំផុតសម្រាប់កីឡាកម្ពុជា ធ្វើឲ្យប្រជាជនប្រទេសទំាង ២ កាន់តែមានសិទ្ធស្នាលនឹងគ្នា ។ ឯកឧត្តម បានត្រៀមខ្លួន រៀបចំយុទ្ធនាការសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក LA Olympic Games 2028 នៅសហរដ្ឋ អាមេរិក មានការផ្សព្វផ្សាយកាន់តែខ្លាំង ឡើងនៅទូទំាងប្រទេស ៕



