គិតត្រឹមដំណាច់ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ សាងសង់បានជាង១៥ភាគរយ

ខេត្តកណ្តាល ៖ គិតត្រឹមដំណាច់ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ សាងសង់បានជាង១៥ភាគរយហើយ។ នេះបើយោងតាមការបញ្ជាក់ របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បញ្ជាក់ពីវឌ្ឍនភាពសាងសង់គម្រោងនេះនារសៀលថ្ងៃទី១៣មករា ឆ្នាំ២០២៦។

ឯកឧត្តមបានឱ្យដឹងបន្ថែមថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ រួមមាន៖ បណ្តាញលូទឹកកខ្វក់ប្រវែងសរុប១២៥គ.ម, បណ្តាញលូទឹកភ្លៀងប្រវែងសរុប៥,៣គ.ម, ស្ថានីយបូមទឹកកខ្វក់ធុនតូច-ធំចំនួន៧កន្លែង និងការងារតំណភ្ជាប់តាមផ្ទះចំនួន១ម៉ឺនតំណ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ព្រមទាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថាបនាលើផ្ទៃដី២០ហិកតា ស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ឯកឧត្តម ផន រឹម បន្ថែមលើទំហំការងារនេះ គម្រោងបានទទួលគោលការណ៍សម្រាប់សិក្សាបច្ចេកទេសគំនូសប្លង់លម្អិតលើការងារកែលម្អស្ថានីយបូមទឹកភ្លៀង សាងសង់ស្ថានីយបូមថ្មី និងការដំឡើងបណ្តាញបង្ហូរទឹកភ្លៀងផងដែរ។ សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ បានចាប់ផ្តើមសាងសង់នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧៕