ប្រទេសវេណេហ្ស៊ូអេឡាប្រកាសអះអាងថានឹងដោះលែងអ្នកទោសក្នុងបញ្ជីឈ្មោះជាង៤០០នាក់! ខណៈ NGO និយាយថាចំនួនដោះលែងមានតែជាង៥០នាក់ប៉ុណ្ណោះ

លោក Jorge Rodríguez ប្រធានរដ្ឋសភាវេណេហ្ស៊ូអេឡា បាននិយាយថា ឈ្មោះមនុស្សជិត៤០០នាក់ ស្ថិតនៅក្នុងបញ្ជីដោះលែងអ្នកទោស។ ប៉ុន្តែរយៈពេល៥បន្ទាប់ពីការប្រកាសដោយរដ្ឋាភិបាលវេណេហ្ស៊ូអេឡាកំពុងដោះលែងអ្នកទោស ក្រុមប្រឆាំង និងក្រុមសិទ្ធិមនុស្សបានបញ្ជាក់ថាមានត្រឹមតែចន្លោះពី ៥៦ ទៅ ៧៦ នាក់ប៉ុណ្ណោះ ដែលត្រូវបានដោះលែង។ នេះបើយោងតាម Foro Penal ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលបានតាមដាន និងតស៊ូមតិសម្រាប់អ្នកទោសវេណេហ្ស៊ូអេឡា និងស្ថាប័ន Democratic Unitary Platform (PUD) ដែលជាសម្ព័ន្ធភាពមួយដែលប្រមូលផ្តុំមេដឹកនាំគណបក្សប្រឆាំងសំខាន់ៗ។ លោក Rodríguez បានប្រាប់អ្នកតាក់តែងច្បាប់នៅរដ្ឋសភាថា “ប្រសិនបើអ្នកចង់ឃើញបញ្ជីទាំងនេះ យើងនឹងផ្តល់ឱ្យអ្នកនូវបញ្ជីទាំងមូលតែម្តង។ គិតត្រឹមថ្ងៃនេះ មានមនុស្សជិត៤០០នាក់នៅក្នុងបញ្ជី ហើយនឹងបន្តបន្ថែមឈ្មោះមនុស្សជាច្រើនទៀត”។ សាច់ញាតិរបស់មនុស្សជាង ៨០០ នាក់ដែលអង្គការសិទ្ធិមនុស្សនិយាយថាបានជាប់ពន្ធនាគារនៅក្នុងប្រទេសវេណេហ្ស៊ូអេឡាដោយសារហេតុផលនយោបាយនៅតែគ្មានចម្លើយនៅឡើយទេ។ រដ្ឋាភិបាលវេណេហ្ស៊ូអេឡាបានបដិសេធថា មិនមានអ្នកទោសត្រូវបានឃុំខ្លួនដោយអយុត្តិធម៌នោះទេ ដោយចោទប្រកាន់ពួកគេថាបានរៀបចំផែនការធ្វើឱ្យរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Nicolás Maduro ស្ថិតក្នុងអស្ថិរភាព។ ក្រុមមន្ត្រីមិនទាន់បានកំណត់អត្តសញ្ញាណ ឬផ្តល់ព័ត៌មានដល់អ្នកទោសមួយចំនួនដែលកំពុងត្រូវបានពិចារណាដោះលែងអ្នកទោសនៅឡើយទេ ដែលវាបានធ្វើឲ្យក្រុមសិទ្ធិមនុស្សត្រូវស្វែងរកតម្រុយព័ត៌មាន និងមានក្រុមគ្រួសាររង់ចាំដោយក្តីបារម្ភផងដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ