រដ្ឋមន្រ្តីសុខាភិបាល៖ «ជំរុញឱ្យបុគ្គលិកសុខាភិបាលម្នាក់ៗតាំងចិត្ត ធ្វើការឱ្យក្លាយទៅជាវីរជននៅក្នុងមុខងារ និងភារកិច្ចរបស់ខ្លួន។»

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកយកចំនុចគន្លឹះ នៃការកសាងគុណភាពបុគ្គលិក ដែលរួមមាន៖ ១) កសាងសមត្ថភាពបុគ្គលិកគ្រប់កម្រិត តាមរយៈធ្វើការផង រៀនផង និងរៀនពីអ្នកនៅជុំវិញផង និង រៀនពីកំហុសរបស់ខ្លួនឯងផង។ អង្គភាពត្រូវរៀបចំឱ្យមាន ការបណ្តុះបណ្តាលជាប្រចាំដល់បុគ្គលិក ២) យកចិត្តទុកដាក់ដល់បុគ្គលិក តាមរយៈការគិតគូរ ពីសុខទុក្ខរបស់បុគ្គលិក ការបង្កើនសាមគ្គីភាពរវាងបុគ្គលិកដោយការជួយគ្នាទៅវិញទៅមក ៣) កសាងគុណធម៌សម្រាប់បុគ្គលិកដោយឱ្យបុគ្គលិកបើកចិត្តទូលាយទទួលយកការកែលម្អឥរិយាបទ របស់គេ និងផ្តល់ការបណ្តុះបណ្តាលជំនាញការងារមហាជនដល់បុគ្គលិក និង ៤)ជំរុញឱ្យ បុគ្គលិកធ្វើការសកម្មដើម្បីទទួលបានលទ្ធផលជាមួយនឹងធនធានដែលមានក្នុងដៃ។

ទន្ទឹមនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនសារបានពីការរៀបចំគោលនយោបាយថ្មីស្តីពី អង្គសុខាភិបាល ដែលជាឯកសារគតិយុត្តិមួយផ្តល់តំលៃបន្ថែមជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។ ទន្ទឹមនឹងគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យការជ្រើសរើសបុគ្គលិកសុខាភិបាលក្នុងពេលខាងមុខ និង ការដឹកនាំមន្រ្តីសុខាភិបាល ដែលកំពុងបំរើការងារ ត្រូវធ្វើឡើងនៅក្នុងគោលដៅជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ អាចក្លាយទៅជាវីរជននៅក្នុងជំនាញរបស់បុគ្គលិកម្នាក់ៗ តាមរយៈការហ្វឹកហ្វឺន និងកែលម្អជាប្រចាំ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅខាងលើនេះ នៅក្នុងឱកាសឯកឧត្តមដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom)សរុបចំនួន ៣ ១៣៨នាក់។ នារសៀលថ្ងៃទី១៣ខែមករា ឆ្នាំ២០២៦មុននេះ ។

បន្តមក  ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន និងការិយាល័យសុខាភិបាលស្រុកអន្លង់វែង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តឧត្តរមានជ័យ បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ទាក់ទាញឱ្យប្រជាជនមកប្រើប្រាស់សេវាឱ្យបានច្រើន ដោយជ្រើសរើសយកការជំរុញការផ្តល់ព័ត៌មានត្រឡប់របស់អ្នកជំងឺ និងការកែរលម្អឥរិយាបថរបស់អ្នកផ្តល់សេវា។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី ផ្តល់ការណែនាំជូនក្រុមការងារខិតខំធ្វើ PDIA ដោយព្យាយាមបំបែកបញ្ហាដែលត្រូវដោះស្រាយឱ្យបានលម្អិតហើយត្រូវកំណត់បញ្ហាជាអាទិភាពមួយ ដែលមានទំហំសមល្មម ដែលអាចវាស់វែងបាន យកមកដោះស្រាយមុនគេ និងបន្តឈានទៅពង្រីកការដោះស្រាយនៅក្នុងកម្រិតអង្គភាព អន្តរអង្គភាព ខេត្ត និងតំបន់៕