ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី តែងតែផ្តល់ការគាំទ្រដោះស្រាយចំពោះសុខទុក្ខអតីតយុទ្ធជន និងនិវត្តជន
នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះ ៣០០ខ្នងបន្ថែម និងអណ្តូងទឹកស្អាតជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងពិនិត្យការស្ថាបនាផ្លូវ និងដីធ្វើដំណាំកសិកម្មជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានឱ្យដឹងថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែណែនាំឱ្យចុះពិនិត្យពីការអភិវឌ្ឍន៍នានាដែលបម្រើជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន ជាពិសេសបន្តការពិនិត្យហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការសម្រាប់ដោះស្រាយជូនអតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បានអភិវឌ្ឍន៍រហូតក្លាយជាភូមិគំរូ និងបន្តទទួលបានការគាំទ្រនូវការអភិវឌ្ឍន៍បន្ថែមទៀតនោះ គឺការសាងសង់ផ្ទះចំនួន ៣០០ខ្នង ក្នុងចំណោមផ្ទះរាប់រយខ្នង និងអណ្តូងទឹកស្អាតជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សមិទ្ធផលទាំងអស់នេះគឺជាការគិតគូរ និងតបស្នងដល់អតីតយុទ្ធជន និងនិវត្តជនដែលមានការលំបាកឱ្យទទួលជីវភាពមួយដ៏សមរម្យ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ឆ្លើយតបចំពោះសមិទ្ធផលផ្ទះ និងដីឡូត៍ដែលត្រៀមប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជនចំនួន ៣០០ខ្នងនេះ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការស្ថាបនាផ្លូវ និងតភ្ជាប់បណ្តាញអគ្គិសនីតាមខ្នងផ្ទះ គឺជាការសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
បន្ទាប់ពីការចុះពិនិត្យផ្ទះ និងការស្ថាបនាផ្លូវ, ឯកឧត្តម ទេសរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំលើការរៀបចំដីដាំដុះដំណាំកសិកម្មលើដីសម្បទានសង្គមកិច្ចសម្រាប់គ្រួសារអតីតយុទ្ធជន និងនិវត្តជន បានបង្កបង្កើនផល ដើម្បីដោះស្រាយ និងលើកស្ទួយជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបេសកកម្មគាំទ្រ លើកស្ទួយ និងយកចិត្តទុកដាក់ជាប់ជាប្រចាំដល់សុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនដែលមានជីវភាពខ្វះខាត។
សូមជម្រាបថា ផែនការសកម្មភាពនេះ គឺជាការគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់មធ្យោបាយងាយស្រួលដល់អតីតយុទ្ធជន និងនិវត្តជន ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវបានចាត់ទុកជាកិច្ចការចម្បងសម្រាប់អនុវត្ត៕



