ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំ ត្រៀមទទួលបដិសណ្ឋារកិច្ច ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅដើមខែកុម្ភៈខាងមុខ

រាជរដ្ឋាភិបាលកម្ពុជា កំពុងពន្លឿនការត្រៀមលក្ខណៈ ដើម្បីទទួលស្វាគមន៍ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលនឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ។

ក្នុងកិច្ចប្រជុំព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិអន្តរជាតិ បានដាក់ចេញនូវផែនការងារយ៉ាងម៉ឺងម៉ាត់ដល់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងកិត្តិយសជាតិក្នុងពិធីបដិសណ្ឋារកិច្ចនេះ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម ង្វៀន ម៉ាញ់ គ្រឿង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានគណៈប្រតិភូនាំមុខ ឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ឯកឧត្តម ង្វៀន មុិញ វូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍លំអិតមួយចំនួនអំពីកម្មវិធីរបស់គណៈប្រតិភូជាន់ខ្ពស់ដែលនឹងត្រូវមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដែលជម្រាបជូនដោយ ឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង រួចមក តាមការបញ្ជាក់ក្នុងអង្គប្រជុំ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ។ ក្នុងកំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម តូ ឡឹម និងគណៈប្រតិភូ គ្រោងនឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ,ព្រមទាំងមានជំនួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចការងារចំពោះមុខជូនដល់ ឯកឧត្តម ង្វៀន ម៉ាញ់ គ្រឿង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានគណៈប្រតិភូនាំមុខ ដើម្បីឈាមឆ្ពោះដល់ការដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅលើការទទួលខុសត្រូវខ្ពស់របស់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចនិងពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាធានាឱ្យបានដាច់ខាតនូវការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម និងចរាចរណ៍ ទាំងនៅសណ្ឋាគារដែលគណៈប្រតិភូស្នាក់នៅ ផ្លូវឆ្លងកាត់ និងគ្រប់ទីកន្លែងដែលគណៈប្រតិភូបំពេញទស្សនកិច្ច ព្រមទាំងជំរាបជូនអំពីការចាត់មន្ត្រីជំនាញត្រួតពិនិត្យមើលតុបតែងលម្អលើកទង់ជាតិកម្ពុជា និងទង់ជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមទីតាំងដែលបានរៀបចំ។

នៅក្នុងឱកាសនៃកិច្ចប្រជុំ ជាការឆ្លើយតប ឯកឧត្តម ង្វៀន ម៉ាញ់ គ្រឿង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានគណៈប្រតិភូនាំមុខ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឈិន កេតនា ដែលបានជម្រាបជូនអំពីកិច្ចការងារយ៉ាងលម្អិត និងម៉ត់ចត់បំផុត ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចការងារត្រៀមទទួលបដិសណ្ឋារកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ ។

ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានបង្ហាញការឯកភាពពេញលេញទៅលើផែនការការងារដែលកម្ពុជាបានរៀបចំ។

មុននឹងបញ្ចប់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រធានអង្គប្រជុំ បានសំណូមពរដល់សមាជិក សមាជិកាអង្គប្រជុំទាំងអស់ អញ្ជើញត្រឡប់ទៅវិញ រាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល ដើម្បីអនុវត្តតាមស្មារតីអង្គប្រជុំ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយសម្រាប់ដំណើរទស្សនកិច្ច របស់ ឯកឧត្តម តូ ឡឹម និងគណៈប្រតិភូមកកាន់កម្ពុជា ហើយនេះគឺជាការឆ្លុះបញ្ចាំងពីសក្ខីភាពនៃមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឈានដល់កម្រិតថ្មីមួយទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាបន្តបន្ទាប់ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ និងក្នុងតំបន់។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថា នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាង កម្ពុជា-វៀតណាម។