ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះវិហារថ្មី នៃវត្តចាក់អង្រែលើ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះវិហារថ្មី នៃវត្តចាក់អង្រែលើ ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការសាងសង់ព្រះវិហារថ្មីនេះ មិនត្រឹមតែជាការឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការប្រារព្ធសាសនកិច្ចនានានោះទេ ប៉ុន្តែក៏ជាសក្ខីភាពបង្ហាញពីការរីកចម្រើននៃវិស័យពុទ្ធចក្រ ដែលដើរទន្ទឹមគ្នាយ៉ាងស៊ីចង្វាក់ជាមួយវិស័យអាណាចក្រ ក្រោមម្លប់នៃសុខសន្តិភាព។ ព្រះវិហារថ្មីនេះនឹងត្រូវបានសាងសង់ឡើងជាមួយរចនាបទស្ថាបត្យកម្មអារាមខ្មែរ ដើម្បីទុកជាកេរដំណែលវប្បធម៌និងសាសនា សម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏បានឆ្លុះបញ្ចាំងផងដែរពីសាមគ្គីធម៌នៃការចូលរួមលើកស្ទួយតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ក្នុងសុន្ទរកថាសំណេះសំណាល ក្រៅពីការសង្កត់ធ្ងន់លើវិស័យសាសនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសដ៏មានអត្ថន័យនេះ រំលេចយ៉ាងច្បាស់នូវសមិទ្ធផលសេដ្ឋកិច្ចដ៏អស្ចារ្យ ដែលជាផ្លែផ្កាចេញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។ ឯកឧត្តមឧបនាយកមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំពេញតួនាទីជាសេនាធិការដ៏មុតស្រួច ក្នុងការរៀបចំយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនពីគ្រប់ទិសទី។ ឯកឧត្តម ក៏បានរំលេចអំពីភាពជោគជ័យនៃការ បំបែកកំណត់ត្រាវិនិយោគ ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក។ លំហូរទុនវិនិយោគដែលកើនឡើង ស្តែងឱ្យឃើញតាមរយៈការកើនឡើងនៃចំនួនគម្រោងវិនិយោគ ហើយបានបង្កើតឱកាសការងាររាប់ម៉ឺនកន្លែងជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជួយលើកកម្ពស់ជីវភាពគ្រួសារ និងជំរុញសេដ្ឋកិច្ចជាតិឱ្យមានសន្ទុះទៅមុខ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទាញចំណាប់អារម្មណ៍អង្គពិធីទាំងមូលឱ្យងើបឈរឡើង ស្មឹងស្មាធ ដើម្បីសម្តែងនូវគារវភក្តីភាព និងការគោរពយ៉ាងស្មោះស្ម័គ្របំផុត ចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដែលបានបូជាជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ក្នុងបរិយាកាសដ៏សែនស្ងប់ស្ងាត់ និងពោរពេញដោយក្តីគោរពនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសជាឱឡារឹកថា៖ អានិសង្សនៃមហាកុសលដែលកើតចេញពីការរួបរួមគ្នាកសាងព្រះវិហារថ្មីនាឱកាសនេះ មួយផ្នែកធំសូមឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនពលីគ្រប់រូប ដែលបានការពារមាតុភូមិឱ្យយើងមានជួបជុំនាថ្ងៃនេះ។ ហើយមួយផ្នែកទៀត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប និងប្រជាជាតិកម្ពុជាទាំងមូល ឱ្យទទួលបាននូវសុខសន្តិភាពពេញលេញ ប្រកបវិបុលភាព និងភាពក្សេមក្សាន្តតរៀងទៅ៕



