និមិត្តរូបនៃសន្តិភាព និងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងបារាំង ត្រូវបានចារិកទុកជាថ្មីនៅលើទឹកដីបារាំង តាមរយៈការសម្ពោធជាផ្លូវការនូវ «សួនច្បារនរោត្តម សីហនុ» ស្ថិតក្នុងក្រុង Fère-en-Tardenois ខេត្ត Aisne តំបន់ Hauts-de-France ប្រទេសបារាំង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

ពិធីដ៏ឱឡារិកនេះត្រូវបានប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភា ដែលជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី។ ពិធីនេះមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមមាន៖ លោកជំទាវ Fanny ANOR អភិបាលខេត្ត Aisne, លោក Monsieur Jean-Paul ROSELEUX អភិបាលក្រុង Fère-en-Tardenois, លោកជំទាវ​លោកអ្នក​ឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្រ្តីទទួលបន្ទុក​កិច្ចការទូទៅ​អមក្រសួង​ព្រះបរម​រាជវាំង,​ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែររស់នៅប្រទេសបារាំង។

ក្រោមការសម្របសម្រួលពីភាគីម្ចាស់ផ្ទះបារាំង ក្រុង Fère-en-Tardenois បានទទួលជំនួប​ចរចា​ប្រវត្តិសាស្រ្តជាច្រើនលើករវាង ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ
ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រី​កម្ពុជា និងភាគី​ខ្មែរផ្សេងៗទៀត នាឆ្នាំ១៩៨៧ និង​១៩៨៨។ ជំនួបទាំងនេះ គឺជាពន្លឺដែលនាំទៅ​រក​ការសម្រេច​បាន​នូវកិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីសឆ្នាំ​១៩៩១។

សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានមានព្រះបន្ទូល​យ៉ាងរំភើបរីករាយថា៖ «ការជ្រើសរើស​ទីតាំង​​នេះ មិនមែនជារឿងចៃដន្យឡើយ។ ព្រះករុណា ព្រះវររាជបិតា ព្រះអង្គ​សព្វ​ព្រះ​រាជ​ហឫទ័យយ៉ាងខ្លាំងចំពោះភាពស្ងប់ស្ងាត់នៃប្រាសាទហ្វ៊ែរ (Hostellerie du Château de Fère) ដែល​​ស្ថិតនៅឃុំ Fère-en-Tardenois នេះ។ គឺនៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ និងភាពស្ងប់​សុខនៃប្រាសាទនេះហើយ ដែលព្រះអង្គ​បានចាប់​ផ្តើម​ការចរចានាឆ្នាំ១៩៨៧ លើមាគ៌ាដ៏វែងឆ្ងាយ ដើម្បី​នាំមកនូវសន្តិភាព និងការផ្សះ​ផ្សារជាតិជូនមាតុភូមិរបស់ព្រះអង្គ»។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា លុយ ដាវីត ក៏បានគូសបញ្ជាក់ផងដែរថា៖ «ការប្រសិទ្ធនាមសួនច្បារនេះ មិនត្រឹមគ្រាន់តែជាការឧទ្ទិសដល់​ឥស្សរជនឆ្នើមមួយរូបប៉ុណ្ណោះទេ ប៉ុន្តែ​គឺជាការ​ចារិកទុកនូវទំព័រប្រវត្តិសាស្រ្ត​ស្វែងរក​សន្តិភាព​​ដ៏​សំខាន់​មួយរបស់កម្ពុជា នៅលើទឹកដីបារាំង។ មិនតែប៉ុណ្ណោះ សួនច្បារនេះក៏ជាសក្ខីភាពនៃការរក្សាចំណង​ការទូត និងការផ្សារភ្ជាប់គ្នា​យ៉ាងស្អិត​រមួត​រវាងកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូន ដោយកម្តល់នូវតម្លៃមិត្តភាពផងដែរ»។ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តមឯកអគ្គរាជទូតបានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះរដ្ឋាភិបាល​បារាំង ដែលតែង​តែស្ថិត​នៅជាមួយកម្ពុជាគ្រប់កាលៈទេសៈ ទាំងក្នុងដំណាក់កាលស្វែងរកសន្តិភាព រហូតដល់​ការអភិវឌ្ឍនា​ពេលបច្ចុប្បន្ន។

អំណឹះតទៅ «សួនច្បារនរោត្តម សីហនុ» ដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាក្រុង Fère-en-Tardenois ក្លាយជាការចងចាំដ៏រស់រវើក និងជាការក្រើនរម្លឹកជានិច្ចថា មិត្តភាពរវាង​ប្រជាជាតិ និងប្រជាជាតិ គឺជាមរតកដ៏ឧត្តុង្គឧត្តមបំផុត​ដែលយើងអាចបន្សល់​ទុកឱ្យដល់​មនុស្សជំនាន់​ក្រោយ៕