កម្ពុជារកចំណូល ពីការនាំចេញអង្ករបានជាង ៦០០លានដុល្លារ ក្នុងរយៈពេល១ឆ្នាំ២០២៥

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយថ្ងៃអង្គារទី៦មករា ឆ្នាំ២០២៦ បានបង្ហាញឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ចាប់ពីខែមករា ដល់ធ្នូ កម្ពុជារកចំណូលបានពីការនាំចេញអង្ករ ទៅក្រៅប្រទេសបានប្រមាណ៩៤០ពាន់តោន ទទួលបានចំណូល៦០២លានដុល្លារ។

ក្នុងរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញទៀតថា ការនាំចេញអង្ករឆ្នាំ២០២៥ មានកំណើនសរុបចំនួន៤៥,៥៩ភាគរយ និងការនាំចេញស្រូវ មានកំណើនសរុបចំនួន៣២,៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករទៅកាន់៧៥គោលដៅ និង៦៨ក្រុមហ៊ុន រួមមានប្រទេសជាសមាជិកអាស៊ានចំនួន៨ បានចំនួនជាង២៧ម៉ឺនតោន ទទួលបានចំណូលប្រមាណ១១៧លានដុល្លារ, ជិត៤០ម៉ឺនតោន នាំចេញទៅ២៨ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ទទួលបាន២៥៨លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ចំនួន២៣ម៉ឺនតោន បានប្រមាណ១៣៨លានដុល្លារ និងនាំចេញទៅ៣៧ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈិមបូព៌ា បានចំនួនជាង៩ម៉ឺន៦ពាន់តោន បានចំណូល៨៨លានដុល្លារ។ ​

អង្ករដែលកម្ពុជានាំចេញ រួមមានអង្ករក្រអូបគ្រប់ប្រភេទ អង្ករសគ្រាប់វែង ចំហុយ សរីរាង្គ និងអង្ករប្រាក់គ្រប់ប្រភេទ ប៉ុន្តែអង្ករនាំចេញបានច្រើនជាងគេ គឺអង្ករក្រអូប ដែលបាននាំចេញជាង៦៤ភាគរយ។​

អង្ករកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អបំផុត ចំនួន៧លើកមកហើយ ដោយលើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយគឺនៅឆ្នាំ២០២៥៕