ដោយសារតែទីផ្សារមានភាពប្រសើរ កសិករតាមស្រុកគោលដៅក្នុងខេត្តបាត់ដំបងផ្តើមប្រមូលផលដំឡូងមី

ខេត្តបាត់ដំបង ៖ អស់កង្វល់ រឿងកកស្ទះ លើការប្រមូលផលដំឡូងមីឆ្នាំនេះនោះទេ បើទោះមិនមានការនាំចេញទៅប្រទេសថៃ ដោយកសិករ ក្នុងស្រុកគោលដៅចំនួន ៧ ក្នុងខេត្តបាត់ដំបង បានប្រមូលផលដំឡូងមីតាំងពីដើមខែ១ ឆ្នាំ២០២៦ ហើយក៏បានលក់អស់ដែរ។

ប្រជាកសិករក្នុងខេត្តបាត់ដំបងបានឲ្យដឹងថា ឆ្នាំនេះបានចំណូលគ្រាន់បើជាងឆ្នាំទៅ ដោយសារតែមើមដាក់ម្សៅបានល្អ ហើយក៏ជាតម្រូវការទីផ្សារផងដែរ ខណៈតម្លៃកើនជាងឆ្នាំមុនគ្រាន់បើ ហើយលោកកំពុងធ្វើដីហាលដើម្បីធ្វើការដាំបន្តទៀត។

ពីមន្ត្រីកសិកម្មខេត្តបាត់ដំបង បានបញ្ជាក់ថា ៖ ស្រុកចំនួន ៧ នៃខេត្តបាត់ដំបង មានកសិករដាំដុះដំឡូងមីលើផ្ទៃដីប្រមាណ ១២៤.៦៨១ ហិកតា ស្របពេលទីផ្សារក្នុងស្រុកធំទូលាយ បើទោះរងការបិទខ្ទប់នាំចេញទៅប្រទេសថៃក៏ដោយចុះ។

ស្រុកទាំង៧ ដែលកសិករដដំឡូងមីក្នុងនោះមាន ស្រុកសំឡូត ស្រុកគាស់ក្រឡ ស្រុកសំពៅលូន ស្រុកកំរៀង ស្រុករតន:មណ្ឌល ស្រុកភ្នំព្រឹក និង ស្រុករុក្ខគីរី។ ចំណែកទីផ្សារនៅតាមស្រុកនីមួយៗ មានតម្លៃប្រហាក់ប្រហែលឆ្នាំកន្លងទៅ ហើយស្រុកមួយចំនួនក៏មានតម្លៃកើនជាងឆ្នាំមុនផងដែរ។

ចំពោះតម្លៃទីផ្សារដែលឈ្មួញទទួលទិញតាមស្រុកមានដូចជា ស្រុកសំឡូត មើមស្រស់តម្លៃ ២០០ រៀល ក្នុងមួយគីឡូក្រាម និងមើមស្ងួតលក់បាន ៥៨០ រៀលក្នុង ១ គីឡូក្រាម។ ស្រុកគាស់ក្រឡ មើមស្រស់តម្លៃ ១៨០ រៀល ក្នុង ១គីឡូក្រាម មិនមានលក់មើមស្ងួតនោះទេ។

ស្រុកសំពៅលូន មើមស្រស់តម្លៃ ២៤០ រៀល ក្នុង១គីឡូក្រាម និងមើមស្ងួតលក់បាន ៦៤០ រៀលក្នុង១គីឡូក្រាម។ ស្រុកកំរៀង មើមស្រស់តម្លៃ ២២០ រៀលក្នុង១គីឡូក្រាម និងមើមស្ងួត តម្លៃ ៦០០ រៀលក្នុង១គីឡូក្រាម។ ស្រុករតន:មណ្ឌល មើមស្រស់តម្លៃ ២១០ រៀលក្នុង១គីឡូក្រាមនិងមើមស្ងួតលក់បាន ៥០០ រៀលក្នុង១គីឡូក្រាម។

ស្រុកភ្នំព្រឹក មើមស្រស់តម្លៃ ២៤០ រៀលក្នុង១គីឡូក្រាម មើមស្ងួត ៦៤០ រៀលក្នុង១គីឡូក្រាម និង ស្រុករុក្ខ គីរី មានលក់តែមើមស្ងួតប៉ុណ្ណោះ បានតម្លៃ ៦០០ រៀលក្នុងមួយគីឡូក្រាម។

គិតជាមធ្យមតម្លៃលក់បាន ២១៥ រៀលក្នុង១គីឡូក្រាមសម្រាប់ “មើមដំឡូងស្រស់” និងមើមស្ងួតលក់បានជាមធ្យម ៥៩៣ រៀល ក្នុងមួយគីឡូក្រាម។

បើគឹតត្រឹមថ្ងៃទី ០១ ខែមករាឆ្នាំ ២០២៦ កសិករបានប្រមូលផលជាបណ្តើរៗៗ ហើយកសិករមួយចំនួនក៏បានលក់អស់ហើយ តែកសិករមួយចំនួនទៀតក៏នៅមិនទាន់ប្រមូលនៅឡើយ ខណះទិន្នផលដំឡូងមីឆ្នាំនេះ ទិន្នផលជាមធ្យមប្រមូលបានជាង ២៤ តោន ក្នុងមួយហិកតា៕