អនុប្រធានាធិបតីវេណេហ្ស៊ូអេឡាលោកស្រី Delcy Rodríguez ទាមទារឱ្យអាម៉េរិកដោះលែងមេដឹកនាំរបស់ពួកគេ! និងពួកគេត្រៀមខ្លួនជាស្រេចដើម្បីការពារធនធានដ៏មានតម្លៃ
អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវរូបលោកប្រធានាធិបតី Nicolás Maduro និងលោកស្រី Cilia Flores បន្ទាប់ពីប្រតិបត្តិការកាលពីថ្ងៃសៅរ៍នេះ ដោយមានការបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍រដ្ឋ រួមជាមួយមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនិងយោធា។ ថ្លែងចេញពីការចាក់ផ្សាយតាមទូរទស្សន៍ VTV ដែលគ្រប់គ្រងដោយរដ្ឋ លោកស្រី Rodriguez បាននិយាយថា ថ្នាក់ដឹកនាំនយោបាយ និងយោធារបស់ប្រទេសនេះ ត្រូវតែរួបរួមគ្នា និងត្រូវបានធ្វើសកម្មភាពយ៉ាងពេញទំហឹងជាមួយគ្នា។ លោកស្រីបានទទូចថា លោក Maduro នៅតែជាប្រធានាធិបតីស្របច្បាប់តែមួយគត់របស់ប្រទេសវេណេស៊ុយអេឡា ហើយលោកស្រីបាននិយាយថា គ្រប់បក្សសម្ព័ន្ធនៃរដ្ឋាភិបាលទាំងអស់កំពុងធ្វើសកម្មភាពរួមគ្នាហើយដើម្បីទាមទារឲ្យដោះលែងប្រធានាធិបតីរបស់ពួកគេ។ លោកស្រីបានប្រកាសថា “ប្រទេសនេះគឺមានប្រធានាធិបតីតែម្នាក់គត់ ដែលមានឈ្មោះ Nicolás Maduro Moro”។ លោកស្រី Rodriguez បាននិយាយថា ក្រឹត្យមួយដែលចុះហត្ថលេខាដោយលោក Maduro នឹងត្រូវបញ្ជូនទៅកាន់តុលាការយុត្តិធម៌កំពូលសម្រាប់ធ្វើការពិនិត្យឡើងវិញនូវរដ្ឋធម្មនុញ្ញ ដោយពណ៌នាអំពីដំណើរការនេះថាជារឿងស្របច្បាប់ និងស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស។ លោកស្រីបាននិយាយថា រដ្ឋាភិបាលវេណេហ៊្សូអេឡាបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារប្រទេសវេណេស៊ុយអេឡា និងធនធានធម្មជាតិរបស់ខ្លួន ជាពិសេសគឺទុនបម្រុងថាមពលរបស់ខ្លួន ដែលលោកស្រីបានបញ្ជាក់ថា ប្រជាជនវេណេស៊ុយអេឡា កាន់តែមើលឃើញថាវាជាចំណុចកណ្តាលនៃការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន។ លោកស្រីបានមានប្រសាសន៍ទៀតថា «យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារធនធានធម្មជាតិរបស់យើង ដែលមានស្រាប់សម្រាប់ការអភិវឌ្ឍជាតិ។ សព្វថ្ងៃនេះ ប្រជាជនវេណេស៊ុយអេឡាមានកម្រិតនៃការយល់ដឹងខ្ពស់អំពីអត្ថន័យនៃអ៊ីដ្រូកាបូនរបស់ពួកគេ និងអ្វីដែលតំណាងឲ្យធនធានថាមពលរបស់ពួកគេដែរ»។
សម្រួលអត្ថបទ៖ សុផារិន្ទ



