ថ្ងៃឆ្លងឆ្នាំថ្មី២០២៦បានក្លាយជាថ្ងៃកាន់ទុក្ខសោកនាដកម្មនៅប្រទេសស្វីស បន្ទាប់ពីករណីភ្លើងឆេះក្លិបកំសាន្តបានសម្លាប់ មនុស្សជាង៤០នាក់ និង របួសជាង១១០នាក់

មនុស្សប្រហែល ៤០ នាក់បានស្លាប់ និង ១១៥ នាក់ផ្សេងទៀតរងរបួស ដែលភាគច្រើននៃពួកគេគឺរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះក្នុងកម្មវិធីឆ្លងចូលឆ្នាំថ្មីរបស់ក្លិបកំសាន្តមួយកន្លែងដែលស្ថិតនៅក្នុងរមណីយដ្ឋាន Swiss Alpine ក្នុងរយៈពេលតិចជាង២ម៉ោង បន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៃថ្ងៃព្រហស្បតិ៍ឆ្លងចូលឆ្នាំថ្មី។
អាជ្ញាធរមិនទាន់អាចកំណត់ចំនួនមនុស្សស្លាប់ឲ្យបានពិតប្រាកដភ្លាមៗនៅឡើយទេ។ រមណីយដ្ឋាន Crans-Montana ត្រូវបានគេស្គាល់ថាជាកន្លែងជិះស្គី និងវាយកូនហ្គោលខ្នាតអន្តរជាតិ ហើយពេញមួយយប់ ក្លិបកំសាន្ត Le Constellation ដែលមានមនុស្សច្រើនកុះកបានផ្លាស់ប្តូរពីឈុតឆាកនៃភាពសប្បាយទៅជាទីកន្លែងសោកនាដកម្មដ៏អាក្រក់បំផុតមួយរបស់ប្រទេសស្វីសក្នុងឆ្នាំនេះ។ រដ្ឋាភិបាលប្រទេសនេះនឹងប្រារព្ធពិធីកាន់ទុក្ខផ្លូវការរយៈពេល៥ថ្ងៃ។ លោក Frédéric Gisler ជាមេបញ្ជាការប៉ូលីសនៅ Valais Canton បាននិយាយអំឡុងពេលផ្តល់សន្និសីទសារព័ត៌មានថា ការងារបន្តបន្ទាប់កំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងជូនដំណឹងដល់ក្រុមគ្រួសាររបស់ពួកគេ ដោយបន្ថែមថារមនីយដ្ឋាន នេះត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងហើយ។ សូមបញ្ជាក់ថាអ្នករងរបួសចំនួន១៣ នាក់គឺជាពលរដ្ឋអ៊ីតាលី ហើយជនជាតិអ៊ីតាលីចំនួន ៦នាក់ផ្សេងទៀតមិនទាន់បានរាប់បញ្ចូលនៅឡើយទេ នេះបើយោងតាមឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំប្រទេសស្វីស លោក Gian Lorenzo Cornado បានប្រាប់ទូរទស្សន៍ RAI ៕

សម្រួលអត្ថបទ៖ សុផារិន្ទ