ទឹកជំនន់ភ្លាមៗបង្កដោយភ្លៀងធ្លាក់ខ្លាំង និងព្រិលធ្លាក់លើកដំបូងក្នុងប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧ នាក់

ភ្លៀងធ្លាក់ខ្លាំង និងព្រិលធ្លាក់លើកដំបូងនៃរដូវរងានេះក្រោយពីរដូវប្រាំងដ៏យូរបានបញ្ចប់ទៅ ប៉ុន្តែវាបានបង្កឱ្យមានទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ជាច្រើននៃប្រទេសអាហ្វហ្គានីស្ថានដែរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧ នាក់ និងរបួស ១១ នាក់ផ្សេងទៀត នេះបើយោងតាមអ្នកនាំពាក្យរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថានកាលពីថ្ងៃព្រហស្បតិ៍។ ស្ថានភាពអាកាសធាតុប្រែជាធ្ងន់ធ្ងរបានរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃនៅទូទាំងតំបន់កណ្តាល ភាគខាងជើង ភាគខាងត្បូង និងភាគខាងលិចប្រទេសផងដែរ នេះបើយោងតាមលោក Mohammad Yousaf Hammad ដែលជាអ្នកនាំពាក្យរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថាន។ លោកបាននិយាយថា ទឹកជំនន់ក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកដែលរងផលប៉ះពាល់ សម្លាប់សត្វពាហនៈ និងប៉ះពាល់ដល់គ្រួសារចំនួន ១៨០០ ដែលធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗនៅក្នុងសហគមន៍ នៅទីក្រុង និងជនបទដែលងាយរងគ្រោះរួចទៅហើយនោះ។ លោក Hammad បាននិយាយថា ទីភ្នាក់ងារនេះបានបញ្ជូនក្រុមអ្នកវាយតម្លៃទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយការស្ទង់មតិកំពុងបន្តដើម្បីកំណត់តម្រូវការបន្ថែម។ អាហ្វហ្គានីស្ថាន ដូចជាប្រទេសប៉ាគីស្ថាន និងឥណ្ឌាជិតខាងដែរ គឺងាយរងគ្រោះខ្លាំងចំពោះស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ ជាពិសេសទឹកជំនន់ភ្លាមៗបន្ទាប់ពីភ្លៀងធ្លាក់តាមរដូវកាល។ ជម្លោះរាប់ទសវត្សរ៍ ហេដ្ឋារចនាសម្ព័ន្ធមិនល្អ ការកាប់បំផ្លាញព្រៃឈើ និងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុបានពង្រីកនូវ គ្រោះមហន្តរាយបែបនេះ ជាពិសេសនៅតំបន់ដាច់ស្រយាលដែលផ្ទះជាច្រើនខ្នងត្រូវបានសាងសង់ឡើងចេញពីល្បាក់ភក់ និងផ្តល់ភាពការពារនៅមានកម្រិត ដើម្បីប្រឆាំងនឹងទឹកជំនន់ភ្លាមៗដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ