គម្រោង “ថ្នាក់រៀនទីក្រុងសម្ព័ន្ធមេត្រី” នៃកម្មវិធី «ផ្សាភ្ជាប់ចិត្តនឹងចិត្តឆ្ពោះទៅកាន់ខេត្តយូណាន»ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅខេត្តកែបប្រទេសកម្ពុជា

     ពិធីសម្ពោធគម្រោង វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស ក្រោមកម្មវិធី«ផ្សាភ្ជាប់ចិត្តនឹងចិត្តឆ្ពោះទៅកាន់ខេត្តយូណាន»ដែលមានការគាំទ្រដោយសមាគមមិត្តភាពជាមួយបរទេសខេត្តយូណាននិងអនុវត្តដោយការិយាល័យកិច្ចការរដ្ឋបាលបរទេសប្រចាំទីក្រុងលីនឆាងបានប្រព្រឹត្តទៅដោយជោគជ័យនៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្សខេត្តកែប។

ក្នុងគម្រោងនេះឧបករណ៍កុំព្យូទ័រម៉ាកLenovoចំនួន១៦គ្រឿងត្រូវបានប្រគល់ជូនដល់វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស ដើម្បីបង្កើតជា“ថ្នាក់រៀនទីក្រុងសម្ព័ន្ធមេត្រី”។ ដែលនេះគឺជាសកម្មភាពក្នុងការជំរុញការកសាងប្រព័ន្ធព័ត៌មានវិទ្យាក្នុងវិស័យអប់រំនិងបានបញ្ជ្រាបនូវភាពកក់ក្តៅដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងទីក្រុងសម្ព័ន្ធមេត្រីទាំងពីរ។

លោក  ប៊ុន យោង អភិបាលរងខេត្តកែបនិងជាតំណាងរដ្ឋបាលខេត្តកែប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងបានគូសបញ្ជាក់ថាគម្រោងនេះនឹងជួយកែលម្អវិស័យអប់រំនៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្សយ៉ាងមានប្រសិទ្ធភាព ព្រមទាំងជួយដល់លោកគ្រូ អ្នកគ្រូ និងសិស្សទាំងអស់ក្នុងការទទួលបានចំណេះដឹងនិងលើកកម្ពស់សមត្ថភាពសិក្សានិងស្រាវជ្រាវតាមប្រព័ន្ធឌីជីថល។ លោកក៏បានជូនពរឱ្យចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេរអមតៈ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្តរីកចម្រើនកាន់តែស៊ីជម្រៅ។ 

អំណោយទាំងនេះមានការចូលរួមទទួលពីលោកនាយក ឡឹកហាប់ តំណាងឱ្យសាលាដើម្បីទទួលឧបករណ៍ទាំងនេះ។

កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុងលីនឆាងនិងខេត្តកែបបានបង្កើតទំនាក់ទំនងទីក្រុងសម្ព័ន្ធមេត្រីអន្តរជាតិជាផ្លូវការ ដែលបានបង្កើតវេទិកាយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងអប់រំ។ ភាគីទាំងពីរនឹងយកគម្រោងនេះជាឱកាសដើម្បីបន្តប្រកាន់ខ្ជាប់នូវទស្សនៈបើកចំហនិងផលប្រយោជន៍ទៅវិញទៅមកដោយស្វែងរកវិធានការបន្ថែមទៀតក្នុងការផ្លាស់ប្តូររវាងគ្រូនិងសិស្ស និងការចែករំលែកធនធានអប់រំដែលមានគុណភាពដើម្បីឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃតំបន់ទាំងពីរ។

កម្មវិធី«ផ្សាភ្ជាប់ចិត្តនឹងចិត្តឆ្ពោះទៅកាន់ខេត្តយូណាន»គឺជាគម្រោងសប្បុរសធម៌ដើម្បីជីវភាពរស់នៅរបស់ប្រជាជនក្នុងកម្រិត “តូចតែស្អាត” ដែលអនុវត្តដោយសមាគមមិត្តភាពជាមួយបរទេសនៃខេត្តយូណាន នៅក្នុងបណ្តាប្រទេសអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសជុំវិញមហាសមុទ្រឥណ្ឌា។ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ មានគម្រោងសរុបចំនួន ១៩ ត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា ដែលបានគ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាពទឹកស្អាត សុខាភិបាល បច្ចេកវិទ្យាកសិកម្ម ជំនួយការសិក្សា ការការពារបរិស្ថានអេកូឡូស៊ី និងការផ្លាស់ប្តូរវប្បធម៌។ កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ពីខេត្តយូណាន ក្នុងការរឹតចំណងមិត្តភាពប្រពៃណីកម្ពុជា-ចិន កែលម្អសុខុមាលភាពប្រជាជន និងរួមគ្នាបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន។