កម្មវិធីសមភាពស្ត្រីក្នុងវិស័យកីឡារួមចំណែកជំរុញសកម្មភាពស្ត្រីក្នុងកីឡាឱ្យកាន់តែផុសផុល

ក្រុមការងារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា

នៅអនុវិទ្យាល័យសម្ដេចឪ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសិស្សានុសិស្ស ជានារីប្រមាណជាង២០០នាក់មកពីថ្នាក់ទី៧ដល់ថ្នាក់ទៅ៩ កាលពីរសៀលថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ ២០២៥ ។

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាគ្រូឧទ្ទេសប្រចាំកម្មវិធីនេះ មានប្រសាសន៍ថា វគ្គទី១នៃកម្មវិធីនេះ មានការចែករំលែកពី គុណតម្លៃអូឡាំពិក ចលនាអូឡាំពិក និងប្រវត្តិកីឡាអូឡាំពិក។ បន្ទាប់មក យុវតីទាំងអស់ក៏បានចូលរួមហ្វឹកហាត់កីឡាវាយសី នៅក្លិបកីឡាវាយសី SBC ក្នុងវិទ្យាល័យសម្ដេចឪ ដើម្បីជាការផ្សព្វផ្សាយយុទ្ធនាការយុវតីម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត។

លោក ប៊ុយ សុភ័ណ្ឌ សង្ឃឹមថា ក្រោយវគ្គនេះ យុវតីជាសិស្សានុសិស្សនៅ វិទ្យាល័យសម្ដេចឪ នឹងបានចូលរួមលេងកីឡាកាន់តែច្រើន ជាពិសេស កីឡាវាយសី ព្រោះស័ក្ដិសមនឹងនារី ដែលមិនបង្កជាបញ្ហាដល់រាងកាយ ដូចកីឡាមួយចំនួនទៀតឡើយ។ ជាមួយគ្នានេះ យុវតីទាំងអស់បានចូលរួមលេងកីឡាយ៉ាងផុសផុល ដែលជាសកម្មភាពល្អសម្រាប់សុខភាព។

លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ដែរថា កម្មវិធីសមភាពស្ត្រីក្នុងវិស័យកីឡា ស្ថិតក្រោមគម្រោង នៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដើម្បីលើកកម្ពស់ស្រ្តី ឱ្យបានដឹងពីការអប់រំគុណតម្លៃអូឡាំពិក ជំរុញស្ត្រីចូលរួមលេងកីឡា និងសមភាពយេនឌ័រក្នុងវិស័យកីឡាដែលស្ត្រីមានសិទ្ធិចូលរួមលេងកីឡាដូចបុរសដែរ ខុសពីអូឡាំពិកសម័យបុរាណដែលស្ត្រីមិនអាចលេងកីឡាបាន។

ជាមួយគ្នានេះដែរ អ្នកគ្រូ ហាង សុខឡា គ្រូអប់រំកាយ និងកីឡានៅ វីទ្យាល័យសម្ដេចឪ បានអោយដឹងថា សិស្សានុសិស្ស របស់អ្នកគ្រូ ទាំងអស់ សុទ្ធតែបានបង្ហាញភាពរីករាយក្នុងការចូលរួមត្រងត្រាប់ស្ដាប់ការចែករំលែកពីប្រវត្តិចលនាកីឡាអូឡាំពិក និងបានចូលរួមលេងកីឡា ដែលឱ្យយុវតីទាំងអស់បានយល់ដឹងពីគុណតម្លៃនៃកីឡា និងសុខភាព។

សូមបញ្ជាក់ថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា នេះត្រូវបានអនុវត្តតាំងពីឆ្នាំ ២០២១ ដែលបានរួមចំណែកបំផុសសកម្មភាពកីឡា ដល់មហាជន និងយុវជន ជាពិសេស ស្ត្រី ដែលធ្វើឱ្យមានការយល់ដឹងកាន់តែខ្លាំងពីសារៈសំខាន់នៃ ការលេង កីឡាចំពោះសុខភាព៕