រដ្ឋមន្រ្តីសុខាភិបាល៖ មន្រ្តីសុខាភិបាលបាននិងបន្តបំពេញបេសកម្មដ៍ថ្លៃថ្លា ដោយខិតខំឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាជន និងឈរលើគោលការណ៍ “អ្នកជំងឺជាអាទិភាពទី១ សេវាសុខភាពត្រូវតែភ្ជាប់ជាមួយគុណភាពជានិច្ច”

ជាកិច្ចបន្ត  ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ដល់បុគ្គលិកសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញការងារ រហូតប្រែក្លាយវិស័យសុខាភិបាល ទៅជាបង្អែករបស់ប្រជាជន ក្នុងឆ្នំា២០២៥។ ឯកឧត្តមសាស្រ្តារ្យ បានរំលេចពីការប្រែប្រួល ក្នុងវិស័យសុខាភិបាល ដែលកំពុងតែមានការវិវត្តន៍ជាវិជ្ជមានបន្តពីអណត្តិមុនៗ និងបានបង្ហាញពីវិរភាពពិតប្រាកដនៅក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងការចូលរួមគាំទ្រដល់សភាពការ នៅតាមព្រំដែន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៍បានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវចំពោះសុខភាពប្រជាពលរដ្ឋ ជាបេសកកម្មដ៍ថ្លៃថ្លា និងបានជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ បន្តបំពេញបេសកកម្មនេះ ឱ្យមាននិរន្តរភាព តាមរយៈការផ្តល់ជាអាទិភាពខ្ពស់ជូនអ្នកជំងឺ និងបន្តកែលម្អគុណភាពសេវាសុខាភិបាល កាន់តែល្អប្រសើរឡើងជាលំដាប់។

ថ្លែងបន្តទៀតនោះ  ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយក ៦ចំណុច ដែលអ្នកដឹកនាំសុខាភិបាលគ្រប់រូបគួរយល់ដឹង៖ (១)ត្រូវដឹងថា អ្នកដឹកនាំជាអ្នកចូលចិត្តធ្វើការច្រើន និង ត្រូវធ្វើការឱ្យបានច្រើន ដើម្បីផលប្រយោជន៍សាធារណៈ (២)ការសម្រេចចិត្តរបស់អ្នកដឹកនាំ គឺជាការសន្យាមួយសម្រាប់ការរស់រានរបស់មនុស្ស (៣)អ្នកដឹកនាំត្រូវដឹងថា តើកត្តាអ្វីដែលអាចធ្វើឱ្យការងារបរាជ័យ ហើយត្រូវចេះប្រមូលយកបទពិសោធន៍ល្អពីការបរាជ័យ (៤)អ្នកដឹកនាំត្រូវដឹងថា មនុស្សម្នាក់មិនអាចសម្រេចកិច្ចការបានទេ តែត្រូវបង្កើតឱ្យមានមនុស្សត្រឹមត្រូវនៅជុំវិញខ្លួនឱ្យបានច្រើន (៥)អ្នកដឹកនាំមិនរង់ចាំការអរគុណ ឬលើកសរសើរ លើការងាររបស់ខ្លួនទេ តែត្រូវខិតខំបំពេញការងារឱ្យសមទៅនឹងការទទួលខុសត្រូវរបស់ខ្លួន (៦)យើងទាំងអស់គ្នា ទោះជាអ្នកមានជំនាញវេជ្ជសាស្រ្ត និងមិនមែនវេជ្ជសាស្រ្ត សុទ្ធតែជាបុគ្គលិកសុខាភិបាល ព្រោះយើងបានចូលរួមកសាងប្រពន្ធ័សុខាភិបាលមួយ ដោយប្រើប្រាស់ជំនាញផ្សេងៗ ពីគ្នា។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ខាងលើនេះយ៉ាងដូច្នេះនៅក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធ  មក(Zoom) សរុបចំនួន ២៩៨២រូបនៅរសៀល

ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២៥មុននេះ។

ក្នុងវគ្គអ្នកដឹងនេះដែរ ក្រុមការងារនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមង្គលបុរី និង ស្រុកប្រតិបត្តិសេរីសោភណ្ឌ័ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ទាក់ទាញពលករចំណាកស្រុក មកប្រើប្រាស់សេវាសុខាភិបាលសាធារណៈ ឱ្យបានច្រើន ដោយផ្តោតលើការផ្តល់ព័ត៌មាន ពីសេវាសុខាភិបាល ការធ្វើបដិសណ្ឋាកិច្ច និង ការជំរុញឱ្យមានការគាំទ្រពីអាជ្ញាធម៌ និងកម្មវិធីគាំពារសង្គម។

ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែម ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការប្រើប្រាស់ភាពជាអ្នកដឹកនាំនៅកម្រិតការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និង បានណែនាំឱ្យបុគ្គលិកសុខាភិបាលទាំងអស់ផ្តល់ការគោរព ការស្រឡាញ់រាប់អានចេញពីចិត្ត ដល់អ្នកជំងឺ ព្រោះថាការធ្វើបែបនេះ គឺមានតម្លៃខ្ពស់ជាងកាយវិការអ្វីៗទាំងអស់៕