បេក្ខជន ១៧៧ នាក់បានជាប់ជាសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ ខណៈការជ្រើសរើសត្រូវបានធ្វើឡើងយ៉ាងមឹងម៉ាត់តាមនិយាមនីតិវិធីរបស់ក្រសួងមុខងារសាធារណៈ
នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ត្រូវបានប្រកាសជាផ្លូវការហើយ បន្ទាប់ពីឆ្លងកាត់ការពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដើម្បីធានាឱ្យបាននូវតម្លាភាព និងគុណវុឌ្ឍខ្ពស់បំផុត។
នៅក្នុងដំណើរការចុះហត្ថលេខា និងប្រកាសលទ្ធផលចុងក្រោយនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញវត្តមានដោយផ្ទាល់នៅមណ្ឌលកំណែនៅសាលាភូមិន្ទរដ្ឋបាល។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រួមជាមួយសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ បានធ្វើការពិនិត្យ ផ្ទៀងផ្ទាត់យ៉ាងល្អិតល្អន់ មុននឹងឈានដល់ការចុះហត្ថលេខាសម្រេចលើបញ្ជីឈ្មោះបេក្ខជនដែលជាប់ជាស្ថាពរ។
យោងតាមលទ្ធផលរបស់គណៈកម្មការរៀបចំការប្រឡង បើទោះបីជាតម្រូវការជាក់ស្តែងមានចំនួន ២០៥ នាក់ ក៏ដោយ ប៉ុន្តែផ្អែកលើលទ្ធផលនៃការវាស់ស្ទង់ពិន្ទុ និងសមត្ថភាពជាក់ស្តែង មានបេក្ខជនត្រឹមតែ ១៧៧ នាក់ (ក្នុងនោះមានស្រីចំនួន ៥៤ នាក់) ប៉ុណ្ណោះ ដែលត្រូវបានសម្រេចឱ្យជាប់ជាស្ថាពរ។ ការណ៍នេះសបញ្ជាក់ឱ្យឃើញថា ការជ្រើសរើសមន្ត្រីរាជការស៊ីវិលនាពេលបច្ចុប្បន្ន គឺផ្ដោតសំខាន់លើគុណភាពជាចម្បង ពោលគឺ “ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត” ស្របតាមគោលការណ៍នៃនិយាមនីតិវិធីដែលបានកំណត់យ៉ាងម៉ឺងម៉ាត់។
សម្រាប់បេក្ខជនជាប់ជាស្ថាពរទាំង ១៧៧ នាក់ នឹងត្រូវទទួលការបណ្តុះបណ្តាលបន្ថែមរយៈពេល ១២ខែ នៅសាលាភូមិន្ទរដ្ឋបាល។ វគ្គបណ្តុះបណ្តាលនេះ នឹងពង្រឹងទាំងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសីលធម៌មន្ត្រីរាជការ មុននឹងត្រូវចាត់តាំងឱ្យទៅបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី-ខេត្ត ទូទាំងប្រទេស ដើម្បីចូលរួមចំណែកក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ដោយឡែក ចំពោះកន្លែងដែលនៅទំនេរ ដោយសារមិនមានបេក្ខជនប្រឡងជាប់គ្រប់ចំនួនតម្រូវការ ឬសម្រាប់បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីបម្រុង គណៈកម្មការរៀបចំការប្រឡងប្រជែងនិងជម្រាបជូនជាបន្តបន្ទាប់ទៀតតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមុខងារសាធារណៈ ដើម្បីជ្រាបអំពីនីតិវិធីនៃការបំពេញបន្ថែម ឬការសម្រេចផ្សេងៗនាពេលខាងមុខ។
ការប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នេះ គឺជាសក្ខីភាពមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ ដើម្បីមកបម្រើជាតិ និងប្រជាជនសម្រាប់ទិសដៅនៃរាជរដ្ឋាភិបាល នីតិកាលទី ៧ និងបន្តបន្ទាប់ទៀត។



