ជំនួយអូឡាំពិក IOC, OCA សម្រាប់ជនភៀសសឹកកម្ពុជា ជាសម្ភារៈសិក្សា-កីឡា ត្រូវបានប្រគល់ជូនក្រសួងអប់រំ
ជំនួយមនុស្សធម៌អូឡាំពិក របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) យកទៅប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយបន្តទៅដល់ជនភៀសសឹក ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណដល់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានចូលរួមចំណែកជាថវិកាចំនួន ៨,០០០,០០០រៀល(៨លានរៀល) សម្ភារៈសិក្សា និងសម្ភារៈកីឡា ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបែងចែក និងដឹកជញ្ជូនបន្តដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សភៀសសឹក ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានពីប្រទេសថៃ មកលើខេត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តទទួលរាល់សម្ភារៈ ថវិកា កញ្ចប់សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគ បរិភោគនានា ពីសប្បុរសជនគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីបែងចែកនិងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ជាបន្តបន្ទាប់៕



