កូរ៉េខាងជើងគូសបញ្ជាក់ពីកម្មវិធីផលិតគ្រាប់រ៉ុក្កែតផ្លោង ខណៈដែលលោក Kim Jong Un បានទៅទស្សនារោងចក្រផលិតអាវុធមួយកន្លែងទៀត
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានទៅទស្សនារោងចក្រផលិតសព្វាអាវុធមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃអង្គារនេះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) បានរាយការណ៍ថា ស្ថិតក្នុងដំណើរទស្សនកិច្ចនេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ដែលវាគឺជារឿងធម្មតាទៅហើយ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងត្រូវតែរាយការណ៍ព័ត៌មានជាច្រើនហូរហែរនៅថ្ងៃបន្ទាប់ពីមានវត្តមាននៃមេដឹកនាំរបស់ពួកគេចូលរួម។ រូបភាពខ្លីៗមួយចំនួនដែលចេញផ្សាយដោយ KCNA បានបង្ហាញពីលោកគីមនៅក្នុងដំណើរចុះត្រួចទីតាំងមួយកន្លែងដែលវាហាក់ដូចជាឃ្លាំងដ៏ធំមួយដែលហ៊ុំព័ទ្ធដោយ សម្ភារៈយានបាញ់រ៉ុក្កែតដែលកំពុងសាងសង់ដែរ។ លោកគីមបាននិយាយថា រ៉ុក្កែតទាំងនេះនឹងក្លាយទៅជា “មធ្យោបាយវាយប្រហារសំខាន់” របស់យោធាកូរ៉េខាងជើង ហើយអាចប្រើសម្រាប់យុទ្ធសាស្ត្រក្នុងការវាយប្រហារនានាដែរ។ ចំណែករបាយការណ៍ផ្លូវការមួយក៏បានបង្ហាញដែរ ទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិតអំពីចម្ងាយ ឬទំហំផ្ទុកនៃប្រព័ន្ធរ៉ុក្កែតនោះក្តី។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបង្ហាញវត្តមានលោកគីមទៅទស្សនាទីតាំងផលិតអាវុធមួយកន្លែងផ្សេងទៀត ក៏ដូចជាទស្សនាការសាកល្បងមីស៊ីលផ្លោងផងដែរ។ សូមបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ លោកគីម នៅពេលនេះបានធ្វើឡើងនៅពេលដែលកូរ៉េខាងជើងរៀបចំសម្រាប់កិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សពលករដែលកំពុងកាន់អំណាចរបស់ខ្លួន ដែលហៅថាសមាជលើកទី៩នោះ ហើយកាលបរិច្ឆេទមិនទាន់ត្រូវបានប្រកាសជាសាធារណៈដល់ប្រជាជននៅក្រៅប្រទេសនៅឡើយដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



