រាជរដ្ឋាភិបាលបន្តជំរុញលើកទឹកចិត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគពីរឆ្នាំបន្តទៀតសម្រាប់ខេត្តព្រះសីហនុរហូតដល់ឆ្នាំ២០២៧

នៅក្នុងកិច្ចប្រជុំពិភាក្សាបូកសរុប វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៥ ” ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអោយដឹងថា រាជរដ្ឋាភិបាលនឹងបន្តជំរុញលើកទឹកចិត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគពីរឆ្នាំបន្តទៀតសម្រាប់ខេត្តព្រះសីហនុរហូតដល់ឆ្នាំ២០២៧ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារ Novetel ក្រុងព្រះសីហនុ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ។

ឯកឧត្តម បានលើកឡើងទៀតថា គម្រោងទាក់ទាញវិនិយោគរបស់យើងធ្វើទៅបាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុកាលពីឆ្នាំ២០២៤ បន្តមកដល់ឆ្នាំ ២០២៥នេះ ដើម្បីលើកទឹកចិត្តការអនុគ្រោះផ្នែកព័ន្ធ ការសម្របសម្រួល ការដោះស្រាយជាកញ្ចប់ដោយផ្តល់គោលការណ៍ ហើយក្រុម ការងាររបស់យើងត្រូវដោះស្រាយសម្រប សម្រួលឱ្យមានតម្លាភាព និងប្រសិទ្ធិភាព។

ឯកឧត្តម ហ៊ាន សាហ៊ីប បានបញ្ជាក់ថា យើងបន្តផ្សព្វផ្សាយជំរុញគម្រោងវិនិយោគដោយពង្រឹងសមត្ថភាព និងពង្រីកការវិនិយោគថ្មីដោយដាក់ចេញនូវវិធានការមួយ ចំនួនដូចជា ១.សម្របសម្រួលការវិនិយោគក្នុងស្រុក ២.បណ្តុះបណ្តាលជំនាញដល់កម្មករ និងយោជិក ៣.ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ៤.ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក (វត្ថុធាតុដើម) ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថារយៈពេល ២ឆ្នាំមកនេះ មានគម្រោងលើកទឹកចិត្តជំរុញការវិនិយោគនៅខេត្តព្រះសីហនុ មានចំនួន ៤១២គម្រោង ទន្ទឹមនោះយើងបានព្យាយាម ជួបអ្នកទទួលបានសំណើសុំការវិនិយោគពីក្រុមការងារ ហើយអ្វីដែលអាចជួយបាន យើងបានជួយសម្របសម្រួលជូនពួកគាត់ និងបានជួបជាមួយអ្នកវិនិយោគជាច្រើនលើករួចមក ហើយ ដោយបានធ្វើការដោះស្រាយប្រកបដោយតម្លាភាព ប្រសិទ្ធភាពខ្ពស់ ដែលទទួល បានគម្រោងអាទិភាពជាច្រើន ក្នុងនោះក៏មានគម្រោងអភិវឌ្ឍមធ្យម ដោយរៀបចំយន្តការចំនួនពីរ ទី១.រៀបចំអគារផ្នែកខាងក្រៅឪ្យមានសោភ័ណភាពសម្រាប់ទីក្រុង ២.ការអនុគ្រោះលើកលែងព័ន្ធសម្រាប់អគារផ្នែងខាងក្រៅ ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា ចំពោះគម្រោងទាំង ៤១២ ក្នុងនោះគម្រោងអគារជាប់គាំងមានចំនួន ១៩៤គម្រោង និង ៣៦៤គម្រោង ផ្សេងទៀតដែលបានស្មើសុំ ហើយ ១២៩គម្រោងកំពុងមានសកម្មភាព ក្នុងនោះ ៣០រួចរាល់ ៨០កំពុងដំណើការ ហើយមានគម្រោងថ្មីផ្សេងទៀតកំពុងដំណើការសាងសង់ផងដែរ។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បាន ជួបជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយដាក់ចេញទិសដៅភ្ញាស់អាជីវកម្មខ្នាតតូចនៅតាមក្រុង ស្រុក ដើម្បីជំរុញចូលក្នុងទីផ្សារដោយអនុលោមតាមច្បាប់ នៃទំនិញនិមួយៗត្រូវមានស្លាកសញ្ញាសម្គាល់ផលិតផលក្នុងស្រុក សង្ឃឹមថា តាមការរំពឹងទុកកំណើនសេដ្ឋកិច្ចស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

សូមជ្រាបថា កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ តាមស្ថិតិរយ:ពេល ២ឆ្នាំ មានគម្រោង ចំនួន ៤១២ គម្រោង បង្កើតការងារ ៥២ ,០០៤ កន្លែង ក្នុងនោះវិស័យអចលនទ្រព្យមានចំនួន ១៩៣ គម្រោង ស្មើនឹង ៤៧ភាគរយ មានទុនវិនិយោគជាក់ស្តែង ១,២៣៩លានដុល្លាអាមេរិក និងផ្តល់ការងារ ៨,៣១៨កន្លែង។ វិស័យទេសចរណ៍មាន ១១១គម្រោង ស្មើនឹង ២៧គាគរយ ទុនវិនិយោគ ៨៧៨លានដុល្លា បង្កើតការងារ ១១ ១៩៥កន្លែង។ វិស័យឧស្សាហកម្មមាន ៨៤គម្រោង ស្មើនឹង ២០ភាគរយ មានទុនវិនិ យោគ ៤៨៨លានដុល្លា បង្កើតការងារ ២៩ ២៨៣កន្លែង។ និងវិស័យផ្សេងៗមានចំនួន ២៤គម្រោង ស្មើនឹង ៦ភាគរយ ទុនវិនិយោគ ១៣៥លានដុល្លា បង្កើតការងារ ៣ ២០៨កន្លែង។

សម្រាប់គម្រោងក្នុងឆ្នាំ២០២៥ មានចំនួន ១៩៩គម្រោង បង្កើតការងារ ២៣ ៤១១កន្លែង  ក្នុងនោះក្រុងព្រះសីហនុ មានចំនួន ១៤៤ គម្រោង ស្រុកព្រៃនប់មានចំនួន ៣១គម្រោង ក្រុងកំពង់សោមមានចំនួន ១៤គម្រោង និងផ្សេងៗមានចំនួន ១០គម្រោង។

ទន្ទឹមនឹងនេះ ក្រុងព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចចម្បងគ្របដណ្តប់ ៧២ភាគរយ នៃគម្រោងទាំងអស់ ស្រុកព្រៃនប់ បង្ហាញពីសក្តានុពលជាតំបន់អភិវឌ្ឍបន្ទាប់មាន ១៦ភាគរយ។ ក្នុងគម្រោង វិនិយោគឆ្នាំ២០២៥ ទាំង ១៩៩ គម្រោង ក្នុងនោះគម្រោងវិនិយោគសញ្ជាតិកម្ពុជាមានចំនួន ១៣០គម្រោង សញ្ជាតិចិន ៦៦ ក្រៅពីនោះមានសញ្ជាតិផ្សេងៗទៀត ។