ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្ត ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា(ផ.អ.យ.អ.) ក្នុងឆ្នាំ២០២៣-២០២៤
នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្ត ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា(ផ.អ.យ.អ.) ក្នុងឆ្នាំ២០២៣-២០២៤ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធជាច្រើនរូប។
សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោល បំណងលើសពីការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្ត ផ.អ.យ.អ. ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ (២០២៣- ២០២៤) ប៉ុន្តែជាការលើកកម្ពស់ការជជែកពិភាក្សា ដើម្បី កំណត់ទិសដៅអភិវឌ្ឍន៍ និងកំណើននៃវិស័យអាទិភាពទាំង ពីរនេះនាពេលខាងមុខ តាមរយៈកិច្ចពិភាក្សាដែលមានវាគ្មិនមកពីក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ លើប្រធានបទស្តីពី “ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្កើនការនាំចេញក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក”។ កិច្ចពិភាក្សា នេះដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីទទួលបានធាតុចូល និងអនុសាសន៍ចាំបាច់បន្ថែមទៀត ជាមូលដ្ឋានតម្រង់ទិសក្នុងការដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តគន្លឹះថ្មីៗ សំដៅជំរុញការអភិវឌ្ឍវិស័យទាំងពីរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ព្រមទាំងពង្រីកភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ឆ្លើយតបទៅនឹងការប្រែប្រួលឥតឈប់ឈរនៃស្ថានភាពសេដ្ឋកិច្ចសកល។
ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញពីមោទនភាពចំពោះរបាយការណ៍ដ៏មានសារៈសំខាន់ និងគ្រប់ជ្រុងជ្រោយមួយនេះ ដោយទទួលបានការឯកភាពពីរាជរដ្ឋាភិបាលនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ដែលនេះជាសមិទ្ធផលថ្មីមួយទៀតបន្ទាប់ពី ផ.អ.យ.អ និងក្របខណ្ឌតាមដាន និងវាយតម្លៃលើការអនុវត្ត ផ.អ.យ.អ ត្រូវបានរៀបចំនិងដាក់ចេញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន រំលេចអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការពង្រឹងតួនាទីនៃវិស័យឧស្សហកម្ម ក្នុងការធានាចីរភាពនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែង ក្នុងទិសដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ក្នុងន័យនេះ ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចពឹងផ្អែកតែលើឧស្សហកម្មកាត់ដេរ និងវាយនភណ្ឌតែប៉ុណ្ណោះទេ ជាការចាំបាច់ណាស់ដែលកម្ពុជាត្រូវជំរុញឧស្សហូនីយកម្ម ក្នុងរូបភាពជាការធ្វើពិពិធកម្មមុខទំនិញនាំចេញ មូលដ្ឋានផលិតកម្ម និងទីផ្សារនាំចេញ ជាពិសេសការធ្វើទំនើបកម្មឧស្សាហកម្ម ដែលពឹងផ្អែកលើជំនាញបច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផលជាអាទិភាពដែលកម្ពុជាសម្រេចបានក្នុងពេលថ្មីៗ រួមមាន៖ ការបំបែកកំណត់ត្រាជាថ្មីក្នុងឆ្នាំ២០២៥ លើការអនុម័តគម្រោងវិនិយោគ បានរហូតដល់ជាង៦០០ គម្រោង ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា, និង ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិកក្នុងអត្រាពន្ធ ១៩% ដែលកម្ពុជាគឺជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក នាំមកនូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។
មុននឹងប្រកាសបើកអង្គសិក្ខាសាលាជាផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើការលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម សូមផ្តល់មតិយោបល់ សំណូមពរ និងធ្វើការពិភាក្សាឱ្យផុលផុស ដើម្បីបានជាធាតុចូលដ៏សំខាន់សម្រាប់បន្តជំរុញការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងទៅមុខទៀត៕



