ឯកឧត្តម សុខ ប្រសិទ្ធិ ជួបពិភាក្សាការងារជាមួយ ទីប្រឹក្សាជាន់ខ្ពស់នៃមន្ទីរពេទ្យ GIA AN 115 វៀតណាម ដើម្បីធ្វើកិច្ចសហការក្នុងការផ្តល់អាហារូបករណ៍ និងសេវាថែទាំសុខភាពដល់មន្រ្តីក្រសួងព័ត៌មាន
(ភ្នំពេញ)៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួង បានទទួលជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Truong Vinh Long អនុប្រធានគណៈកម្មាធិការដឹកនាំតំបន់វេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់ និងជាទីប្រឹក្សាជាន់ខ្ពស់ នៃមន្ទីរពេទ្យ GIA AN 115 ដោយផ្តោតសំខាន់លើគម្រោងនៃកិច្ចសហការផ្តល់អាហារូបករណ៍ និងសេវាថែទាំសុខភាពដល់មន្រ្តីក្រសួងព័ត៌មាន ព្រមទាំងសិស្ស និស្សិតដែលមានបំណងចង់ទៅសិក្សានៅប្រទេសវៀតណាមតាមរយៈការផ្តល់អាហារូបករណ៍លើវិស័យសុខាភិបាល ដែលសម្របសម្រួលដោយ មន្ទីរពេទ្យ GIA AN 115។
ឯកឧត្តម សុខ ប្រសិទ្ធិ បានធ្វើការរំលឹកឡើងវិញនូវកិច្ចការងារមួយចំនួនរបស់ក្រសួងព័ត៌មានកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានសហការគ្នាក្នុងប៉ុន្មានឆ្នាំមកនេះ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរព័ត៌មាន កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងពង្រឹងទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ។ ឯកឧត្តម បានគូសបញ្ជាក់ថា ស្របទៅតាមផែនការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ គឺជាអាទិភាពដ៏សំខាន់ ដែលបាននឹងកំពុងពង្រឹងការកសាងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្ស ។
ឯកឧត្តម រដ្ឋលេខាធិការ បានស្នើសុំបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការស្វែងរកអាហារូបករណ៍ជំនាញសុខាភិបាល ដើម្បីឱ្យឱកាសដល់និស្សិតកម្ពុជាដែលមានឆន្ទៈចង់រៀនសូត្រ ក្នុងវិស័យសុខាភិបាលនៅប្រទេសវៀតណាម និងពិនិត្យពិភាក្សាឱ្យមានការចុះអនុស្សណៈយោគយល់គ្នាជាមួយក្រសួងព័ត៌មានស្តីពីការផ្តល់អាហារូបករណ៍លើវិស័យសុខាភិបាល និងផ្តល់សេវាថែទាំសុខភាពដល់មន្រ្តីក្រសួងព័ត៌មាន។
លោកវេជ្ជបណ្ឌិត Truong Vinh Long បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងកម្ពុជា ហើយបានចាត់ទុកកិច្ចពិភាក្សានាឱកាសនេះ បានបង្ហាញអំពីទិដ្ឋភាពនានាការលើការពង្រឹងទំនាក់ទំនងដៃគូរវាងវៀតណាម និងកម្ពុជា។ លោកបណ្ឌិត បានជម្រាបជូនពីសក្តានុពល នៃមន្ទីរពេទ្យប្រមាណចំនួន ៣០០ មន្ទីរពេទ្យ នៅទីក្រុងហូជីមិញ។ ក្នុងចំណោម ៣០០ មន្ទីរពេទ្យ នៅទីក្រុងហូជីមិញ ក្នុងនោះមន្ទីរពេទ្យ Gia An 115 គឺជាមន្ទីរពេទ្យឯកជនមួយ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងល្បីល្បាញដែលមានភាពជាដៃគូសាធារណៈ និងឯកជន។
ក្នុងន័យនេះ លោកវេជ្ជបណ្ឌិត បានសំណូមពរដល់ក្រសួងព័ត៌មាន ជួយផ្សព្វផ្សាយនូវមន្ទីរពេទ្យ Gia An 115ដើម្បីរក្សាកេរ្តិ៍ឈ្មោះជា “មន្ទីរពេទ្យបច្ចេកវិទ្យាខ្ពស់” ដែលមន្ទីរពេទ្យបានសហការជាមួយស្ថាប័នពិភពលោកដូចជា៖ Siemens Healthineers (អាល្លឺម៉ង់):
ជាដៃគូយុទ្ធសាស្ត្រផ្តល់ឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើបៗដូចជា ម៉ាស៊ីន CT SOMATOM Force និងសាកលវិទ្យាល័យ Oxford (អង់គ្លេស): តាមរយៈអង្គភាពស្រាវជ្រាវគ្លីនិក (OUCRU) មន្ទីរពេទ្យបានចូលរួមក្នុងការស្រាវជ្រាវអន្តរជាតិលើជំងឺឆ្លងនានា និងAACI (សហរដ្ឋអាមេរិក)។ មន្ទីរពេទ្យសហការជាមួយគណៈកម្មការទទួលស្គាល់គុណភាពអាមេរិក ដើម្បីធានាថាការព្យាបាល និងសុវត្ថិភាពអ្នកជំងឺស្របតាមស្តង់ដារអាមេរិក។ មន្ទីរពេទ្យ Gia An 115 មានគ្រែអ្នកជំងឺ៣៦៧ នៅទូទាំង ១០ជាន់ គ្របដណ្តប់លើផ្ទៃដីសរុប ៣៦,០០០ ម៉ែត្រការ៉េ និងមានឯកទេសសំខាន់ៗ សេវាកម្មកម្រិតខ្ពស់ ដោយផ្តោតលើការព្យាបាលជំងឺជាច្រើនរួមមាន៖ ជំងឺបេះដូង និងសរសៃឈាមបេះដូង, ជំងឺសរសៃប្រសាទ និងដាច់សរសៃឈាមក្នុងខួរក្បាល, ជំងឺក្រពេញ និងជំងឺឆ្អឹង និងសាច់ដុំ ៕



