មន្ត្រីឥណ្ឌូណេស៊ីបាននិយាយថាករណីគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរខេត្តបុរាណ Yogyakarta បានសម្លាប់មនុស្ស១៦នាក់ និង របួសធ្ងន់ស្រាល១៨នាក់
មន្ត្រីបាននិយាយថា មានករណីគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់នៅលើកោះជ្វាជាដកោះដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ីភ្លាមៗ បន្ទាប់ពីវេលាម៉ោងពាក់កណ្តាលអធ្រាត្រចូលដល់ថ្ងៃចន្ទនេះ។ លោក Budiono ជាប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះបាននិយាយថា “រថយន្តក្រុងនេះបានធ្វើដំណើរពីទីក្រុងហ្សាការតាទៅកាន់ទីក្រុង Yogyakarta (យុយ៉ាការរាក់តា) ក្នុងល្បឿនលឿន។ ពេលទៅដល់ចំណុចប្រសព្វ (ជាច្រកចេញពីផ្លូវបញ្ជោបង់ប្រាក់) វាក៏បានបុករបាំងពុះចែកផ្លូវដែលបណ្តាលឲ្យរថយន្តក្រុងក្រឡាប់តែម្តង”។ លោកបាននិយាយថា រថយន្តក្រុងជាអន្តរខេត្តនេះមានបទពិសោធណ៍ធ្វើដំណើរជាញឹកញ៉ាប់ពីរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុងរាជវង្សបុរាណ Yogyakarta របស់ប្រទេសនេះ តែលើកនេះវាបានក្រឡាប់ពេលចូលទៅកាន់ច្រកចេញជាផ្លូវកោងនៅកន្លែងបង់ប្រាក់ Krapyak ក្នុងទីក្រុង Semarang ខេត្តនៃកោះជ្វាភាគកណ្តាលទៅវិញ។ ក្រុមប៉ូលីស និងក្រុមជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុក្នុងរយៈពេលប្រហែលជា ៤០ នាទី បន្ទាប់ពីមានគ្រោះថ្នាក់នេះ ហើយបានរកឃើញសពអ្នកដំណើរចំនួន ៦ នាក់ដែលបានស្លាប់នៅកន្លែងកើតហេតុនោះ។ លោក Budiono បាននិយាយថា មនុស្ស ១០ នាក់ផ្សេងទៀតបានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ ឬពេលកំពុងយកទៅព្យាបាល។ លោកបានមានប្រសាសន៍ថា ជនរងគ្រោះសរុបចំនួន ១៨ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២កន្លែងក្បែរនោះ រួមមានមនុស្ស ៥ នាក់ស្ថិតក្នុងសភាពមធ្យម និង ១៣នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ



