ក្នុងស្មារតី«ខ្មែរជួយខ្មែរ»ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជា ពីយោធាថៃ, មានសប្បុរសជនជាច្រើនបានចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីផ្តល់ជូនដល់សមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹក,

(ភ្នំពេញ)៖ អំណោយជាស្បៀងអាហារ និងទឹកសុទ្ធ របស់សប្បុរសជននានាដើម្បីចូលរួមគាំទ្រដល់វីរកងទ័ពជួរមុខ និងជួយដល់ប្រជាពលរដ្ឋភៀសសឹក ត្រូវបាន អ្នកឧកញ៉ា លឹម ហួរ នីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន នាំយកមកប្រគល់ជូនដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
អ្នកឧកញ៉ា លឹម ហួរ នីតូ បានគូសបញ្ជាក់ថា នៅខណៈពេលដែលប្រទេសកម្ពុជា កំពុងត្រូវបានឈ្លានពានពីកងទ័ពថៃ មកលើអធិតេយ្យ និងបូរណភាពដែនដីកម្ពុជា ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន បានរួមសហការគ្នានាំយកនូវស្បៀងអាហាររួមមានទឹកសុទ្ធ ២០០កេស អង្ករ ១តោន មី ១០០កេស នំមីដាស ២០កេស និងគ្រឿងទេស ២០០កញ្ចប់ ដែលស្មើនឹងទឹកប្រាក់សរុប ៣.៩៥០ ដុល្លារអាម៉េរិក យកមកក្រសួងព័ត៌មាន ដើម្បីបន្តយកទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងបងៗវីរកងទ័ពនៅតំបន់ជួរមុខ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ខ្សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា ដែលបានផ្តល់ជំនួយជាទឹកសុទ្ធ អង្ករ មី នំ និងគ្រឿងទេស មកដល់ក្រសួងព័ត៌មាន ដែលទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់ អ្នកឧកញ៉ា លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេស ដើម្បីចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។
ជាមួយនេះ ក៏សូមអរគុណដល់លោក A Bing ដែលបានឧបត្តម្ភថវិកាចំនួន ៣ ០០០ដុល្លារ និង អ្នកនាង Bei Bei ដែលបានឧបត្តម្ភថវិកាចំនួន ១ ០០០ដុល្លារ តាមរយៈ សមាគមយុវជនឌីជីថលកម្ពុជា-ចិន ដើម្បីទិញគ្រឿងឧបភោគបរិភោគផ្តល់មកក្រសួងព័ត៌មាន ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តនានា ពិសេសជូនដល់វីរកងទ័ព ដែលកំពុងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕