ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងការអរគុណដល់បណ្តាក្រុមហ៊ុនឱសថដែលបានផ្តល់ថ្នាំពេទ្យ ជាច្រើនដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋជម្លៀសខ្លួនពីផ្ទះសំបែងដោយការឈ្លានពានរបស់យោធាថៃ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទទួលថ្នាំពេទ្យជាច្រើនមុខពីសប្បុរសជនជាម្ចាស់ក្រុមហ៊ុនឱសថ ដែលដឹកនាំយកមកប្រគល់ជូនដោយ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងប្រធានក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។
តាមការបញ្ជាក់របស់ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ បានឲ្យដឹងថា ថ្នាំពេទ្យទាំងអស់នេះជាអំណោយរបស់បណ្តាក្រុមហ៊ុនឱសថ ផ្តល់ដល់ក្រសួងព័ត៌មាន ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៍ ក្នុងការចែកជូនទៅដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋជម្លៀសខ្លួនពីផ្ទះសំបែងដោយការឈ្លានពានរបស់យោធាថៃ ហើយកំពុងស្នាក់នៅជួបការលំបាកតាមជំរំជនភៀសសឹកក្នុងបណ្តាខេត្តមួយចំនួន។
ឯកឧត្តមវេជ្ជបណ្ឌិត បានជម្រាបជូនថា ថ្នាំពេទ្យដែលក្រុមហ៊ុននានាផ្តល់ជូនដល់ក្រសួងព័ត៌មាននាឱកាសនេះរួមមាន,
ក្រុមហ៊ុន មីត ហេង ឧបត្ថម្ភឱសថ វីតាមីនសម្រាប់កុមារ ១០កេស ស្មើ៤០០ដប ,
ក្រុមហ៊ុន PANACO តំណាងក្រុមហ៊ុន DHG Pharma ឧបត្ថម្ភឱសថ Aticef 500 ៤កេស និង Choliver ៤កេស ,
ក្រុមហ៊ុន WellCare pharmacy ឧបត្ថម្ភឱសថ Livrmin១០០ប្រអប់ . E-sole ១០០ប្រអប់. Rabeprazol ១០០ប្រអប់ និង Beta -K ៥០ប្រអប់។
ជាមួយនេះសប្បុរសជនបានចូលរួមជាថវិកាចំនួន ៣លានរៀល រួមមាន លោកស្រី យ៉ែម គន្ធី និងស្វាមី ១លានរៀល លោក កែវ សុវណ្ណ ១លានរៀល និង ឯកឧត្តម សៅ សំបូរ ១លានរៀល ផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណជូនចំពោះ ក្រុមហ៊ុន មីត ហេង, ក្រុមហ៊ុន PANACO តំណាងក្រុមហ៊ុន DHG Pharma, និងក្រុមហ៊ុន WellCare pharmacy ដែលជាក្រុមហ៊ុនឱសថនៅកម្ពុជា ដែលបានផ្តល់ថ្នាំពេទ្យ និង ជាច្រើនមកដល់ក្រសួងព័ត៌មាន ដើម្បីទុកយកទៅចែកជូនដល់ វីរកងទ័ពនៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនពីតំបន់ប្រយុទ្ធគ្នានៅតាមបន្ទាត់ព្រំដែន ដោយការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានចាត់ទុកថា ការផ្តល់នូវថ្នាំពេទ្យពីបណ្តាក្រុមហ៊ុនឱសថនានា ដល់ក្រសួងព័ត៌មាន គឺបានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា បង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋកងទ័ពជួរមុខដែលកំពុងបំពេញការងារការពារទឹកដី ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏ សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន។
ការចូលរួមកន្លងមក និងបច្ចុប្បន្ននេះ ពីបណ្តាក្រុមហ៊ុនឱសថ ជាមួយក្រសួងព័ត៌មាន ក្នុងការផ្តល់ថ្នាំព្យាបាលជំងឺទៅឲ្យវីរៈកងទព័នៅតំបន់ជួរមុខ និងជនភៀសសឹក គឺជាការគិតគួរដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកងទ័ព ហើយជាការបង្ហាញនូវសាមគ្គីភាពរវាងខ្មែរ ជួយខ្មែរ ពិសេសផ្សារភ្ជាប់ជាមួយកងទ័ពនៅតំបន់ជួរមុខ៕



