ក្រុមបាតុករបានវាយលុកការិយាល័យស្ថាប័នកាសែតឈានមុខគេមួយក្នុងប្រទេសបង់ក្លាដែស!បន្ទាប់ពីសកម្មជនបះបោរម្នាក់ត្រូវគេបាញ់សម្លាប់ក្នុងឆ្នាំ២០២៤

ក្រុមបាតុករដែលមានកំហឹងនៅក្នុងប្រទេសបង់ក្លាដែសបានវាយលុកការិយាល័យកាសែតឈានមុខគេពីរនៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីមានករណីស្លាប់សកម្មជនលេចធ្លោម្នាក់នៅក្នុងការបះបោរនយោបាយកាលពីឆ្នាំមុន។ ហ្វូងមនុស្សនៅក្នុងរដ្ឋធានីដាកាបានដុតអគារដំណើរការកាសែតប្រចាំថ្ងៃមួយ ដោយធ្វើឱ្យអ្នកកាសែត និងបុគ្គលិកជាប់នៅខាងក្នុងដែរ។ ប៉ុន្មានម៉ោងក្រោយមក ពួកគេត្រូវបានជម្លៀសចេញ ហើយអគ្គីភ័យត្រូវបានគ្រប់គ្រងនៅព្រឹកថ្ងៃសុក្រនេះ។ វាមិនទាន់ច្បាស់នៅឡើយទេថាតើមូលហេតុអ្វីបានជាក្រុមបាតុករវាយប្រហារទីតាំងកាសែតបែបនេះ ដែលនិពន្ធនាយករបស់ពួកគេត្រូវបានគេស្គាល់ថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស គឺលោក Muhammad Yunus ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព។ ការតវ៉ាត្រូវបានរៀបចំឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះនៅខាងក្រៅការិយាល័យកាសែតដោយពួកឥស្លាមនិយម ដែលបានស្តីបន្ទោសស្ថាប័នកាសែតនេះ ចំពោះទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសឥណ្ឌាដែរ។ លោក Sharif Osman Hadi ជាអ្នកនាំពាក្យរបស់ក្រុមវប្បធម៌ Inqilab Moncho បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅប្រទេសសិង្ហបុរីនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការតស៊ូអស់រយៈពេលមួយសប្តាហ៍ដើម្បីជីវិតរបស់លោក។ គាត់ក៏ត្រូវបានបាញ់សម្លាប់នៅតាមដងផ្លូវនៃទីក្រុងដាកាកាលពីថ្ងៃសុក្រសប្តាហ៍មុនដែរ ខណៈដែលកំពុងជិះរ៉ឺម៉ក។ បុរសពីរនាក់ផ្សេងទៀតដែលជិះម៉ូតូបានដើរតាមលោក Hadi ហើយម្នាក់បានបាញ់លើលោក មុនពេលពួកគេរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។ បន្ទាប់ពីការព្យាបាលជាច្រើនថ្ងៃនៅទីក្រុងដាកា លោក Hadi ត្រូវបានបញ្ជូនទៅកាន់ប្រទេសសិង្ហបុរីក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។ អាជ្ញាធរបាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណជនសង្ស័យ ហើយបញ្ជាក់ថាខ្មាន់កាំភ្លើងទំនងជាបានរត់គេចខ្លួនទៅកាន់ប្រទេសឥណ្ឌា ដែលជាទីតាំងកំពុងសង្ស័យថាមានជម្លោះការទូតថ្មីៗនេះជាមួយប្រទេសឥណ្ឌា និងបានជំរុញឱ្យទីក្រុងញូវដេលីកោះហៅឯកអគ្គរដ្ឋទូតបង់ក្លាដែសចេញមកថ្កោលទោសលើបញ្ហាប្រឈមនៅក្នុងសប្តាហ៍នេះ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ