យន្តហោះពាណិជ្ជកម្មមួយគ្រឿងបានធ្លាក់លើផ្លូវរត់អំឡុងពេលចុះចតនៅអាកាសយានដ្ឋានក្នុងរដ្ឋ North Carolina នៅសហរដ្ឋអាមេរិក

អាជ្ញាធរនិយាយថាយន្តហោះពាណិជ្ជកម្មមួយគ្រឿងបានធ្លាក់ចុះអំឡុងពេលវាចុះចតនៅអាកាសយានដ្ឋានក្នុងតំបន់មួយក្នុងរដ្ឋ North Carolina និងបានផ្ទុះឡើងក្លាយជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅដែរ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថា យន្តហោះ Cessna C550 បានធ្លាក់ពេលចុះចតនៅអាកាសយានដ្ឋានតំបន់ Statesville ប្រហែលម៉ោង 10:20 កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងស្រុក)។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ និង FAA កំពុងស៊ើបអង្កេតលើបញ្ហានេះ។ យោងតាមរូបភាពវីដេអូពី WSOC-TV បានបង្ហាញពីសកម្មភាពឆ្លើយតបដំបូង ដោយបានកំពុងប្រញាប់ប្រញាល់ចូលទៅលើផ្លូវរត់យន្តហោះ ខណៈអណ្តាតភ្លើងកំពុងឆេះនៅជិតកម្ទេចកម្ទីយន្តហោះដែលរាយប៉ាយបាក់បែកនោះ។ ចំណែកខាងអាកាសយានដ្ឋានវិញបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា តំបន់ Statesville បានផ្តល់នូវគ្រឿងបរិក្ខារអាកាសចរណ៍សាជីវកម្មសម្រាប់ក្រុមហ៊ុន Fortune 500 និងក្រុម NASCAR ជាច្រើនផងដែរ។ តំបន់ Statesville មានចម្ងាយប្រហែលជា ៧២គីឡូម៉ែត្រនាភាគខាងជើងទីក្រុង Charlotte។ មិនតែប៉ុណ្ណោះក្រុមមន្ត្រីក៏មិនបាននិយាយថាតើមានមនុស្សប៉ុន្មាននាក់ដែលរងរបួសឬក៏អត់នោះដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ