ភ្លៀងធ្លាក់ខ្លាំងបានជន់លិចសំពត់តង់របស់ជនភៀសខ្លួននៅតំបន់ Muwasi នៃតំបន់ Gaza ដែលកំពុងស្ថិតក្នុងស្ថានភាពសង្រ្គាមរ៉ាំរ៉ៃ

ភ្លៀងធ្លាក់ខ្លាំង និងភាពត្រជាក់កាន់តែខ្លាំងដែរកំពុងបន្ថែមទៅជាបញ្ហាប្រឈមដែលជនភៀសខ្លួននៅតំបន់ Gaza បានប្រឈមមុខនៅពេលនេះ និងនៅពេលដែលស្ថានភាពកំពុងរងផលប៉ះពាល់ពីសង្គ្រាមរយៈពេល២ឆ្នាំដែលបានបំផ្លិចបំផ្លាញទឹកដីរងគ្រោះដោយសារសង្រ្គាមរ៉ាំរ៉ៃមួយនេះ។ ដោយកំពុងរស់នៅក្នុងសំពត់តង់ដែលមិនបានរៀបចំត្រឹមត្រូវសម្រាប់រដូវរងានេះ ហើយតង់ខ្លះមានប្រហោង ដែលគ្រួសារនានាកំពុងតស៊ូដើម្បីទប់ទល់នឹងការមកដល់អាកាសធាតុត្រជាក់ដែរ ដែលត្រូវបានគេរំពឹងថាវានឹងកាន់តែអាក្រក់ទៅៗនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះដែរសំពត់តង់នៅតំបន់ Muwasi និងតំបន់ជុំវិញកន្លែងដែលពួកគេរស់នៅត្រូវ សើមខ្ទេចខ្ទីបន្ទាប់ពីមានភ្លៀងពេញមួយយប់។ មានកុមារខ្លះដើរដោយជើងទទេ ខណៈស្បែកជើងរបស់ពួកគេបាត់ ក្នុងទឹកជំនន់ពណ៌ត្នោតកខ្វល់ និងភក់ដែលបានជន់លិចជំរំបណ្ដោះអាសន្នសម្រាប់ជនភៀសខ្លួន។ ចំណែកលោក Mohammed Gharableh ជាបុរសជនភៀសខ្លួនម្នាក់ដែលមកពីតំបន់ Rafah បាននិយាយថា ” អំឡុងពេលមានព្យុះម្តងៗគឺមានទឹកជ្រាបចូលសំពត់តង់របស់យើង ហើយពូក និងភួយរបស់យើងត្រូវសើមផងដែរ ដែលធ្វើឱ្យស្ថានភាពមានស្មុគស្មាញខ្លាំង។ ទឹកបានហូរចូលជ្រៅជាច្រើនដងនៅក្នុងជំរំតង់ ហើយមនុស្សបានប្រញាប់ប្រញាល់បាចទឹកចេញ និងសង្គ្រោះគ្រឿងប្រើប្រាស់សម្ភារៈនានា និងតង់ដែលលិចទឹកជោគជាំដែរ។ នាង Salha Sheikh El-Eid ជាស្ត្រីម្នាក់ដែលត្រូវបានគេបណ្តេញចេញពីតំបន់ Rafah ដោយធ្លាប់បានបាត់បង់ស្វាមីនៅក្នុងសង្គ្រាម ឥឡូវនេះកំពុងរស់នៅក្នុងជំរំនៅ Muwasi។ តង់របស់នាងត្រូវបានជន់លិចដោយទឹកជំនន់ ហើយសម្លៀកបំពាក់ទាំងអស់របស់គាត់ក៏សើមជោកដែរ។ គាត់និយាយថា “យើងមិនមានអ្វីទេសូម្បីអាវតែមួយសម្រាប់កូនប្រុសរបស់ខ្ញុំពាក់ក៏គ្មានដែរ ដូច្នេះយើងបានខ្ចីអាវមួយពីអ្នកជិតខាងរបស់យើងឲ្យគេពាក់។ ក្រុមជំនួយនិយាយថា អ៊ីស្រាអែលមិនអនុញ្ញាតឱ្យមានជំនួយគ្រប់គ្រាន់ចូលទៅក្នុងតំបន់ Gaza នោះទេ ដើម្បីចាប់ផ្តើមកសាងគម្រោងផ្គត់ផ្គង់ទឹកឡើងវិញបន្ទាប់ពីសង្គ្រាមអស់ជាច្រើនឆ្នាំ៕

សម្រួលអត្ថបទ៖ សុផារិន្ទ