ឯកឧត្តម ហែម វណ្ណឌី ប្រកាសអត្ថប្រយោជន៍បន្ថែម និងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃខេត្តកំពង់ចាម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិ
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌីប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសអត្ថប្រយោជន៍បន្ថែម និងស្នើឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្មារតីស្នេហាជាតិ។
ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តកំពង់ចាម ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលចង់ឃើញការកែលម្អពិតប្រាកដលើជំនាញវិជ្ជាជីវៈ ផលិតភាព និងគុណភាព ជាពិសេសសម្រាប់ខេត្តកំពង់ចាម ដែលជាខេត្តមានសក្តានុពលច្រើនខាងកែច្នៃ ផលិត និងការច្នៃប្រឌិតថ្មីៗ។
ឯកឧត្តមបានលើកឡើងថា៖ “ខណៈដែលប្រទេសយើងកំពុងត្រូវបានគេឈ្លានពាន ស្មារតីស្នេហាជាតិក៏មានន័យថា ការជួយអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងរឹងមាំ។ ការពង្រឹងជំនាញ និងគុណភាពផលិតផលរបស់យើង ក៏ជាទម្រង់មួយនៃការស្នេហាជាតិដែរ។ ដើម្បីឱ្យប្រទេសជាតិយើងខ្លាំងបាន យើងជាបុគ្គលម្នាក់ៗត្រូវតែខ្លាំង អាជីវកម្មត្រូវតែខ្លាំង ខេត្តនីមួយៗត្រូវខ្លាំង។”
យុទ្ធនាការនេះត្រូវបានរៀបចំឡើង ដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ពាន់នាក់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា៖ «ខេត្តកំពង់ចាមបានបង្កើតគណៈកម្មាធិការថ្នាក់ខេត្ត និងស្រុក ដើម្បីផ្សព្វ ផ្សាយលើកកម្ពស់ការយល់ដឹង និងការចុះឈ្មោះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការពិនិត្យតាមដាន និងការរាយការណ៍ជាប្រចាំ។”
ការចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ សេវាគាំពារសង្គមការលើកលែងកាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។
អត្ថប្រយោជន៍ទាំងនេះកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់ តាមរយៈភាពជាដៃគូជាមួយស្ថាប័នសាធារណៈ និងឯកជន។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife និងក្រុមហ៊ុន Phillip Capital Group ថ្មីៗនេះ បានចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់សេវាធានារ៉ាប់រង និងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឥតគិតថ្លៃ។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក៏ផ្តល់បណ្ណជំនួយថវិកាសម្រាប់ការចាប់យកដំណោះស្រាយឌីជីថល ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់សហគ្រាស ខណៈដែលមូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍ ដើម្បីគាំទ្រការបណ្តុះបណ្តាល និងការបង្កើនជំនាញសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យស្នើសុំជាង ២៥០.០០០ ទូទាំងប្រទេស។ ខេត្តកំពង់ចាមជាប់ចំណាត់ថ្នាក់លេខបី បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាមួយនឹងការចុះឈ្មោះប្រមាណ ១៩.០០០ នាក់៕



