ឯកឧត្តម ថោង ខុន ៖ ការសម្រេចចិត្តដកខ្លួនរបស់ប្រតិភូ និងអត្តពលិកកម្ពុជានាពេលនេះ គឺស្របទៅនឹងគោលនយោបាយ ការការពារអត្តពលិករបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ – IOC Athlete Safeguarding Policy ដែលធានាការពារសុវត្ថិភាព អត្តពលិក ទាំងផ្នែករាងកាយ អារម្មណ៍ និងផ្លូវចិត្តក្នុងការចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិ

តាមពិត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺជាសមាជិកមួយនៃ ក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្នុងចំណោម ១១ ប្រទេសជាសមាជិក។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើសកម្មភាពដើម្បីចលនាអូឡាំពិក ដោយមានកិច្ចសហការ ជាមួយសហព័ន្ធកីឡាជាតិ និង ក្រសួងអប់រំ យុវជន និង កីឡា  តែក៏ត្រូវស្ថិតក្រោមនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល  ព្រោះ NOCC ជាគណៈកម្មាធិការមួយរបស់ជាតិ។

ស៊ីហ្គេមជាបុព្វសិទ្ធ របស់ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍  មិនមែនជាបុព្វសិទ្ធរបស់ម្ចាស់ផ្ទះនោះទេ ប៉ុន្តែក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ត្រូវសហការសុំការគាំទ្រពីម្ចាស់ផ្ទះក្នុងពិធីបើក-បិទ បដិសណ្ឋារកិច្ច (ស្នាក់នៅ ហូបចុក ដឹកជញ្ជូន)សន្តិសុខសុវត្ថិភាពជូនដល់ ប្រតិភូ និង អត្តពលិក ដោយភាពស្មើៗគ្នាមិនរើសអើងប្រទេសតូច ឬ ធំ ឬ ជាតិសាសន៍នោះឡើយ។  រាជរដ្ឋាភិបាលកម្ពុជាយើងក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន បានបំពេញតួនាទី និងភារកិច្ចដ៏ល្អប្រពៃណាស់ ក្នុងការគាំទ្រដល់ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងចលនាកីឡាអូឡាំពិក ក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងនាមជាសមាជិកអាស៊ាន ក្នុងការរៀបចំ កីឡាស៊ីហ្គេម លើកទី ៣២  និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាយើងកន្លងមក។

ការទៅចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ទោះបីក្នុងចំនួនតិចក៏ដោយ ក៏ជាការបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍រួចទៅហើយ ពិសេសការរួមប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងការចូលរួមក្នុងពិធី បង្ហូតទង់ជាតិរបស់ប្រទេសជាសមាជិក ហើយក៏បានចូលរួមក្នុងពីធីបើកព្រឹត្តិការណ៍នេះហើយដែរ។ ដូច្នេះក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក្តី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី-OCA  គណៈកម្មាធិការអូឡាំពិកអន្តរជាតិ-IOC និងស្ថាប័នកីឡា Olympic ដទៃទៀតក្តី ក៏មិនអាចរិះគន់ ឬចោទប្រកាន់លើការសម្រេចចិត្តដក ប្រតិភូ និង អត្តពលិក មកវិញរបស់កម្ពុជានោះទេ ព្រោះកាតព្វកិច្ចយើងបានបំពេញរួចរាល់ហើយ។ តែនេះគឺដោយមកពីអារម្មណ៍អត្តពលិករបស់យើង ដែលចូលរួមពុំមានសុវត្ថិភាព ផ្លូវអារម្មណ៍នឹងនៅចូលរួមការប្រកួតនោះទៀតទេ  ព្រោះវាពិបាកក្នុងអារម្មណ៍ណាស់ក្នុងការចូលរួមប្រកួតនៅក្នុងប្រទេសម្ចាស់ផ្ទះមួយដែលបាននិងកំពុងឈ្លានពានប្រទេសជាតិជាទីស្រឡាញ់របស់ខ្លួន ដែលធ្វើឱ្យ អត្តពលិក យើងពុំអាចបង្ហាញគុណផលកីឡារបស់ខ្លួនឱ្យបានពេញលេញ។ 

ដូច្នេះការសម្រេចចិត្តដកខ្លួនរបស់ប្រតិភូ និងអត្តពលិកកម្ពុជានាពេលនេះ គឺស្របទៅនឹងគោលនយោបាយ ការការពារអត្តពលិករបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ – IOC Athlete Safeguarding Policy ដែលធានាការពារសុវត្ថិភាព អត្តពលិក ទាំងផ្នែករាងកាយ អារម្មណ៍ និងផ្លូវចិត្តក្នុងការចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិ ។ ទន្ទឹមនឹងនោះគោលការណ៍ស្នូលរបស់ IOC ក៏បានបញ្ជាក់យ៉ាងច្បាស់ថា អត្តពលិក គឺជាបេះដូងនៃ ចលនាអូឡាំពិក ដែលតម្រូវឱ្យមានការគាំទ្រ និងការពារទាំងក្នុង និងក្រៅទីលានប្រកួត។ ហេតុដូចនេះ ការសម្រេចរបស់ កម្ពុជា ក្នុងការដកខ្លួនចេញពី ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាពេលនេះគឺស្របទៅតាមធម្មនុញ្ញអូឡាំពិក របស់ IOC និងស្មារតីរបស់ ចលនាអូឡាំពិក។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានធ្វើពហិការ មិនចូលរួមក្នុងការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ SEAP Games (បច្ចុប្បន្នប្តូរមកជា SEA Games វិញ) លើកទី១ ឆ្នាំ១៩៥៩ នៅក្រុងបាងកក ប្រទេសថៃផងដែរ ក្រោមមូលហេតុ ការព្រួយបារម្មពីសុវត្ថិភាពរបស់ ប្រតិភូកីឡាកម្ពុជា ដោយសារបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ លើការទាមទារប្រាសាទព្រះវិហារ ៕