ស្ថានទូតឥណ្ឌារៀបចំព្រឹត្តិការណ៍មុនសន្និសីទ AI Impact Summit 2026 នៅភ្នំពេញ ជំរុញ AI ប្រកបដោយក្រមសីលធម៌និងចីរភាព 

ស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ បានរៀបចំព្រឹត្តិការណ៍មុនសន្និសីទ (Pre-Summit) AI Impact Summit 2026 នៅសណ្ឋាគារ Shangri La ភ្នំពេញ ដើម្បីផ្សព្វផ្សាយសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) ដែលឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះនៅខែកុម្ភៈ ឆ្នាំ ២០២៦។ 

ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពី ឯកឧត្តម Vanlalvawna Bawitlung អគ្គរាជទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងថ្នាក់ដឹកនាំរបស់កម្ពុជាសំខាន់ៗរួមមាន លោកឧកញ៉ា វេជ្ជបណ្ឌិត ឈិន​ គែន ( Oknha Dr. Chhin Ken)  ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា វេជ្ជបណ្ឌិត អែន សុវណ្ណ នាយកនាយកដ្ឋានរដ្ឋាភិបាលឌីជីថល ដើម្បីពិភាក្សាអំពីការរីកចម្រើននៃ AI នៅកម្ពុជា និងឱកាសសម្រាប់កិច្ចសហការកាន់តែស៊ីជម្រៅជាមួយឥណ្ឌា។ 

ព្រឹត្តិការណ៍នេះមានគោលបំណងចម្បងក្នុងការជំរុញការពិភាក្សាអំពីតួនាទីស្នូលរបស់ AI ក្នុងការកសាងអនាគតមួយដែល រួមបញ្ចូលគ្នា (Inclusive) មានក្រមសីលធម៌ និងប្រកបដោយចីរភាព ជាពិសេសសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

​ថ្លែងបើកសន្ទរកថាក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តម Vanlalvawna Bawitlung អគ្គរាជទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា AI Summit 2026 នឹងផ្តោតសំខាន់លើការលើកស្ទួយប្រទេសកំពុងអភិវឌ្ឍន៍ និងធានាថាបច្ចេកវិទ្យាថ្មីៗត្រូវបាន ចែករំលែកដោយស្មើភាពគ្នា ដើម្បីឱ្យ AI អាចជួយអភិវឌ្ឍសង្គម និងបរិស្ថានបានប្រកបដោយចីរភាព។

​វេជ្ជបណ្ឌិត តានូ ព្រីយ៉ា (Dr. Tanu Priya) លេខាទី១ មកពីស្ថានទូតឥណ្ឌា បានបង្ហាញពីចក្ខុវិស័យរបស់សន្និសីទ ដោយផ្អែកលើគោលការណ៍គ្រឹះ ៣ គឺ៖ មនុស្ស – ភពផែនដី – ការរីកចម្រើន។ សន្និសីទនេះនឹងផ្តោតលើប្រធានបទធំៗចំនួន “៧ ចក្រា” រួមមាន៖ ការបណ្តុះកម្លាំងមនុស្ស, AI មានសុវត្ថិភាព, ការច្នៃប្រឌិត, វិទ្យាសាស្ត្រ, ធនធាន AI, កំណើនសេដ្ឋកិច្ច និងផលប្រយោជន៍សង្គម។​

​ព្រឹត្តិការណ៍ដែលបានប្រមូលផ្តុំអ្នកចូលរួមជាង ៦០ នាក់ មកពីរាជរដ្ឋាភិបាល សាកលវិទ្យាល័យ សមាគមបច្ចេកវិទ្យា និងក្រុមហ៊ុនឯកជននេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការសហការរវាងកម្ពុជា–ឥណ្ឌា ក្នុងវិស័យ AI, ការស្រាវជ្រាវ, ការច្នៃប្រឌិត, និងការកសាងសមត្ថភាព ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយចីរភាព និងការផ្លាស់ប្តូរឌីជីថលក្នុងតំបន់។