ពានរង្វាន់ឧស្សាហកម្មបៃតងឆ្នាំ២០២៥ ជ្រើសរើសក្រុមហ៊ុន ២១ ដែលបានរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មបៃតងនៃកម្ពុជា

ក្រុមហ៊ុនចំនួន ២១ ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៥ ចំពោះសមិទ្ធផលរបស់ខ្លួនក្នុងផលិតកម្មស្អាត និរន្តរភាព និងនវានុវត្តន៍ឧស្សាហកម្មប្រកបដោយការទទួលខុសត្រូវ។

កម្មវិធីនេះជ្រើសរើសក្រុមហ៊ុនដែលបានបង្កើតវឌ្ឍនភាពជាក់ស្តែង ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ទន្ទឹមនឹងនោះបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងរបស់អាជីវកម្ម។ គំនិតផ្តួចផ្តើមនេះត្រូវបានសហការអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដោយមានការគាំទ្រពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី UN PAGE ។

ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “ផលិតកម្មបៃតងមិនមែនត្រឹមតែជាការចំណាយទេ តែជាការវិនិយោគដែលនាំមកនូវការសន្សំសំចៃ នវានុវត្តន៍ និងភាពប្រកួតប្រជែងនៃអាជីវកម្មសម្រាប់រយៈពេលវែង។ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន រោងចក្រ-សហគ្រាសទាំងអស់ បន្តនវានុវត្តន៍ថ្មីៗ ដោយមិនត្រូវស្កប់ស្គល់នឹងការអនុវត្តបច្ចុប្បន្នរបស់ខ្លួនឡើយ ពោលគឺត្រូវខិតខំកែលម្អប្រព័ន្ធផលិតកម្ម ការពារបរិស្ថាន ប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យខ្សែច្រវាក់ផលិតកម្មកាន់តែស្អាត ដោយរៀនសូត្រពីឧត្តមានុវត្តន៍ទាំងនៅក្នុងប្រទេស និងអន្តរជាតិ។”

ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៥ បានជ្រើសរើសម្ចាស់ជ័យលាភី ដែលមានពានមាសចំនួន ៣, ពានប្រាក់ចំនួន ១១, និងពានសំរឹទ្ធចំនួន ៧។ ម្ចាស់ជ័យលាភីទាំង ២១ ក្រុមហ៊ុននេះ ត្រូវបានជ្រើសរើសតាមរយៈការវាយតម្លៃលើទិដ្ឋភាព ៤ គឺ ទិដ្ឋភាពបរិស្ថាន ទិដ្ឋភាពនវានុវត្តន៍និងចីរភាព ទិដ្ឋភាពសេដ្ឋកិច្ច និងទិដ្ឋភាពសង្គមនិងសមភាពយេនឌ័រ។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអភវិឌ្ឍឧស្សាហកម្មបៃតង ដោយកត់សម្គាល់ថា គោលការណ៍និរន្តរភាព បច្ចុប្បន្ន កាន់តែមានសារៈសំខាន់សម្រាប់ភាពប្រកួតប្រជែងជាសកល ជាពិសេសសម្រាប់ទីផ្សារធំៗ ដូចជាសហភាពអឺរ៉ុប។

ឯកឧត្តមបានបន្ថែមថា៖ “ឧស្សាហកម្មជាកម្លាំងជំរុញស្នូលសម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែវាក៏បង្កើតសំណល់ផងដែរ ដែលត្រូវតែគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ។ បរិវត្តកម្មបៃតងគឺជាគន្លឹះសម្រាប់ភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសខណៈដែលទីផ្សារសកលលោក — រួមទាំងសហភាពអឺរ៉ុប — បាននិងកំពុងបង្កើនស្តង់ដារខ្ពស់លើនិរន្តរភាព។”

ឯកឧត្តម Igor Driesmans បានបន្ថែមថា យុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុបបានកៀរគរថវិកាជាង ៣៦០ ពាន់លានអឺរ៉ូ ចន្លោះពីឆ្នាំ ២០២១ ដល់ ២០២៤ ដើម្បីគាំទ្រការវិនិយោគប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក ក្នុងនោះក៏មានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ទឹកស្អាត និងថាមពលស្អាតនៅក្នុងប្រទេសកម្ពុជាផងដែរ។

ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ជាផ្លែផ្កានៃគម្រោង “ការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST) ដែលបានបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់បរិវត្តកម្មឧស្សាហកម្មបៃតងរយៈពេលវែងរបស់កម្ពុជា៕