ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន នៅសណ្ឋាគារសាងគ្រីឡា រាជធានីភ្នំពេញ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)” នៅរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថាៈ គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន BEIP ជាគម្រោងដ៏សំខាន់មួយ ក្នុងការលើកកម្ពស់មូលដ្ឋានគ្រឹះនៃការរៀនសូត្រសម្រាប់សិស្សនៅបឋមសិក្សា និងពង្រឹងប្រព័ន្ធអប់រំមួយដ៏រឹងមាំ ទំនើប និងប្រកបដោយសមធម៌ គុណភាព បរិយាបន្ន និងឱកាសសិក្សាពេញមួយជីវិតសម្រាប់កុមារកម្ពុជាគ្រប់រូប។ ជាមួយគ្នានេះដែរក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងរង្វាយតម្លៃ SEA-PLM ទាំងពីរលើក ពិន្ទុផ្នែកអំណាន និង គណិតវិទ្យា របស់សិស្សកម្ពុជា នៅតែស្ថិតនៅកណ្តាល ក្នុងលំដាប់ទី៤ (បន្ទាប់ពី វៀតណាម ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា)។ ជាមួយគ្នានេះ ក្នុងចំណោមប្រទេសដែលមានពិន្ទុសិស្សកើនឡើង ក្នុងនោះពិន្ទុរបស់សិស្សកម្ពុជាបានកើនឡើងច្រើនជាងគេបង្អស់ លើកលែងតែប្រទេសមីយ៉ាន់ម៉ា ដែលសំណាកអាចជ្រើសរើសបានតែនៅទីក្រុងមិនត្រូវតាមបច្ចេកទេស ដោយសារតែសង្គ្រាមស៊ីវិលក្នុងប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ទៀតថា កម្ពុជាឈរនៅចំណាត់ថ្នាក់កម្រិតមធ្យម ក្នុងចំណោមបណ្តាប្រទេសដែលចូលរួមវាយតម្លៃ SEA-PLM ទោះបីជាកម្ពុជា មានកម្រិតផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ទាបជាងគេមួយនៅក្នុងតំបន់ក៏ដោយ។ ជាលទ្ធផលរបស់សិស្សកម្ពុជា ទាំងផ្នែកអំណាន ទាំងផ្នែកគណិតវិទ្យា ឈរនៅកម្រិតប្រហាក់ប្រហែលមធ្យមភាគរបស់អាស៊ាន ក្នុងកម្រិតពិន្ទុ ៣០០ នេះបើប្រៀបធៀប ផលទុនក្នុងស្រុកសរុប (ផសស) ក្នុងម្នាក់ៗ នៅឆ្នាំ២០២៤។ នេះជាសញ្ញាបញ្ជាក់ថា កំណែទម្រង់របស់យើងពិតជាកំពុងមានប្រសិទ្ធភាព និងដើរលើផ្លូវ ត្រឹមត្រូវ។ ឯកឧត្តមឧបនាយរដ្ឋមន្រ្តីបានបន្តលើកយកនូវសារគន្លឹះសំខាន់ៗមួយចំនួន ជូនចំពោះថ្នាក់ដឹកនាំអប់រំ គ្រូបង្រៀន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធទាំងអស់ៈ ទីមួយ៖ កំណែទម្រង់អប់រំរបស់កម្ពុជា កំពុងផ្តល់លទ្ធផលជាផ្លែផ្កា។ អត្រាសិស្សចូលរៀនត្រូវបានពង្រីក ហើយលទ្ធផលសិក្សាកំពុងមានភាពល្អប្រសើរឡើង។ ទីពីរ៖ ភាពជាដៃគូដ៏រឹងមាំ ជាពិសេសជាមួយធនាគារពិភពលោក គឺជាកត្តាចាំបាច់មិនអាចខ្វះបាន។ គម្រោង SEIP, GEIP, HEIP និងពេលនេះគឺ BEIP បង្កើតបានជាយន្តការគាំទ្ររយៈពេលវែងមួយដែលមានសង្គតិភាព។ ទីបី៖ លទ្ធផលនៃ SEA-PLM ឆ្នាំ២០២៤ បញ្ជាក់ថា កម្ពុជាកំពុងមានវឌ្ឍនភាព ប៉ុន្តែបញ្ហាប្រឈមនៅតែមាន។ គម្លាតនៃការរៀនសូត្រនៅតែបន្តកើតមាន ហើយម៉ោងសិក្សា និងគុណភាពនៃការបង្រៀនចាំបាច់ត្រូវបន្តកែលម្អ។ ចំណុចនេះត្រូវបានឆ្លុះបញ្ចាំងក្នុងរបាយការណ៍ចំនួនពីរ (ម៉ោងសិក្សា និងគុណភាពគ្រូបង្រៀន) ដែលធនាគារពិភពលោកទើបតែបានចេញផ្សាយនាពេលថ្មីៗនេះ។ ទីបួន៖ BEIP គឺជាការវិនិយោគប្រកបដោយបរិវត្តកម្ម ដែលដោះស្រាយបញ្ហាលើការអប់រំកុមារតូច ការអភិវឌ្ឍបំណិនសិក្សាមូលដ្ឋាន ការពង្រឹងយន្តការបណ្ដុះបណ្ដាលគ្រូបង្រៀន និងការកសាងសមត្ថភាពស្ថាប័ន។ ក្រសួងបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការវិនិយោគលើគម្រោង BEIP ដែលជាគម្រោងវិនិយោគតែមួយគត់ដែលប្តេជ្ញាទាំងស្រុងចំពោះការអប់រំកុមារតូច និងបឋមសិក្សា។ នឹងទីប្រាំ៖ ការអនុវត្តប្រកបដោយជោគជ័យ ទាមទារនូវភាពជាអ្នកដឹកនាំ វិន័យ និងការសម្របសម្រួល។ គ្រូបង្រៀន នាយកសាលា ការិយាល័យអប់រំក្រុងស្រុក និងមន្ទីរអប់រំរាជធានីខេត្ត គឺជាកម្លាំងស្នូលនៃភាពជោគជ័យនេះ។ ការប្រកាសដាក់ឱ្យដំណើរការគម្រោង BEIP នាថ្ងៃនេះ គឺជាសក្ខីភាពនៃការប្តេជ្ញារបស់កម្ពុជាចំពោះកុមារទូទាំងប្រទេស ដែលនឹងក្លាយជាកម្លាំងពលកម្មនាពេលអនាគត។ ជាមួយគ្នានេះដែរ BEIP នឹងកសាងមូលដ្ឋានគ្រឹះសម្រាប់ការបង្កើនការចូលរៀននៅមធ្យមសិក្សា ការអនុវត្តគន្លងអប់រំថ្មីប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍមូលធនមនុស្សដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ឯកឧត្តមឧបនាយករដ្ឋន្រ្តីបានបញ្ចា់ថា បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា ទទួលថវិកា ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រមាណជា ប្រាំលានដុល្លា ក្នុងមួយឆ្នាំ ដើម្បីបោះពុម្ភសៀវភៅ គឺយើងផ្តល់សៀវភៅទៅសិស្សដោយមិនគិតថ្លៃ ហើយក្នុងនោះអត្រាសិស្សដែលទទួលបានសៀវភៅមានកំណើនឡើង ពី៩៥% ទៅដល់៩៧% និងបន្តកើនឡើង សម្រាប់សិស្សបឋមម្នាក់ទទួលបានមួយ និងសិស្សនៅមធ្យម ទទួលបាន២ក្បាល។
ក្នុងឧឱកាសនេះដែរ លោកស្រី តានៀ មាយ័រ នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា បានអោយដឹងថាៈ កម្ពុជាបានកំណត់គោលដៅអភិវឌ្ឍន៍ ដោយប៉ងឱ្យក្លាយជា ប្រទេសចំណូលខ្ពស់ នៅមុនឆ្នាំ២០៥០។ ដើម្បីសម្រេចគោលដៅនេះ ត្រូវការមូលដ្ឋានធនធានមនុស្សដ៍រឹងមាំ ដែលចាប់ផ្តើមពីការអប់រំ ដែលមានគុណភាពសម្រាប់កុមារគ្រប់គ្នា។ ជំនាញមូលដ្ឋានក្នុងការអាន សរសេរ និងគណិតវិទ្យា គឺសំខាន់ណាស់ ព្រោះវាជាកត្តាដែលកំណត់ថា តើសិស្សសាលាថ្ងៃនេះ នឹងអាចរកបានការងារដែលមានផលិតភាព និងប្រាក់ឈ្នួលល្អនៅថ្ងៃស្អែកឬទេ។ ជាក់ស្តែងប្រសិនបើកម្ពុជាចង់ឈានទៅដល់កម្រិតប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ដែលនៅតែ២៥ឆ្នាំទៀតនោះ គឺត្រូវការ ការកើនឡើងប្រហែល ៤ ដង នៃការងារដែលត្រូវការជំនាញខ្ពស់ បើប្រៀបធៀបនឹងបច្ចុប្បន្ន។ កុមារដែលកំពុងអង្គុយក្នុងថ្នាក់សិក្សាបច្ចុប្បន្ន ជាកម្លាំងពលកម្ម នាពេលអនាគត ដែលនឹងជំរុញសមិទ្ធិផលរបស់កម្ពុជា ហើយកុមារទាំងនោះ ជាកុមារដែលគម្រោងនេះនឹងផ្តោតការគាំទ្រយ៉ាងសំខាន់ផងដែរ៕