ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រាប់រដ្ឋមន្ដ្រីការបរទេសវៀតណាម អំពីការឈ្លានពាន និងរំលោភកិច្ចព្រមព្រៀងសន្ដិភាពពីសំណាក់ភាគីថៃ មកលើដែនអធិបតេយ្យកម្ពុជា

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រាប់រដ្ឋមន្ដ្រីការបរទេសវៀតណាម អំពីការឈ្លានពាន និងរំលោភកិច្ចព្រមព្រៀងសន្ដិភាពពីសំណាក់ភាគីថៃ មកលើដែនអធិបតេយ្យកម្ពុជា

    ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រាប់ទៅកាន់លោក Le Hoai Trung រដ្ឋមន្ត្រីការបរទេសវៀតណាម អំពីការឈ្លានពាន និងការរំលោភបំពានលើកិច្ចព្រមព្រៀងសន្ដិភាពពីសំណាក់ភាគីថៃ មកលើបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការបើកការបាញ់ប្រហារទាំងកម្រោល បណ្ដាលឲ្យជនស៉ីវិលកម្ពុជាជាច្រើននាក់ស្លាប់ និងរងរបួស។

ស្ថានភាពពិតអំពីការឈ្លានពាន និងរំលោភបំពានរបស់ភាគីថៃ មកលើប្រទេសកម្ពុជា ត្រូវបានជម្រាបទៅកាន់រដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម ក្នុងឱកាសដែលលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលសវនាការរបស់លោកអគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងអំឡុងពេលលោករដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម មកទស្សនកិច្ចនៅកម្ពុជា។

    ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបទៅកាន់រដ្ឋមន្ដ្រីការបរទេសវៀតណាមថា ម្ដងហើយម្ដងទៀត ភាគីថៃ គឺចង់ទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលមានសហរដ្ឋអាម៉េរិក និងប្រធានប្ដូរវេនអាស៊ានជាសាក្សី ដើម្បីបំពេញមហិច្ឆតាឈ្លានពានកម្ពុជា។ ពេញមួយថ្ងៃនេះ គឺភាគីថៃបានប្រើប្រាស់កាំភ្លើងគ្រប់ធន់ រួមទាំងយន្ដហោះចម្បាំង F16 បាញ់ស្រោចចូលដែនអធិបតេយ្យរបស់កម្ពុជាតែម្ដង។

បើតាមការគូសបញ្ជាក់របស់    ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាកម្លាំងជួរមុខមិនឲ្យធ្វើការតបតជាមួយភាពគឃ្លើនរបស់យោធាថៃឡើយ ប៉ុន្ដែប្រសិនបើថៃបន្ដឈានជើងហួសបន្ទាត់ក្រហមនោះ គឺកម្ពុជានឹងប្រើប្រាស់នូវសិទ្ធិការពារខ្លួន ការពារដែនអធិបតេយ្យ និងការពារប្រជាពលរដ្ឋតែម្ដង។

ជាការឆ្លើយតប     ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម បានបង្ហាញនូវការសោកស្ដាយចំពោះអ្វីដែលកើតមានឡើងមកលើប្រទេសកម្ពុជា និងបានសម្ដែងនូវការព្រួយបារម្ភជាខ្លាំង ចំពោះហេតុការណ៍ទាំងអស់នេះ។ លោកបានគូសបញ្ជាក់ដែរថា ជំនួបទ្វេភាគីកាលពីព្រឹកមិញ ក្រោយបញ្ចប់ពិធីសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្ដរជាតិម៉ឺនជ័យ-តឹនណាម នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក៏បានលើកឡើងអំពីបញ្ហាព្រំដែននេះផងដែរ។

    ឯកឧត្តមរដ្ឋមន្ដ្រី Le Hoai Trung នៅតែសង្ឃឹម និងជឿជាក់ថា ភាគីកម្ពុជា-ថៃ នឹងបន្ដដោះស្រាយបញ្ហាព្រំដែននេះដោយសន្ដិវិធី បញ្ជៀសនូវការផ្ទុះអាវុធដាក់គ្នា។ លោកលើកឡើងថា ទាំងកម្ពុជា និងវៀតណាម គឺធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនដំណាក់កាល ដូច្នេះហើយយល់ច្បាស់អំពីផលលំបាកដែលកើតឡើងដោយសារសង្គ្រាម ហើយក៏មិនចង់ឃើញសង្គ្រាមកើតឡើងទៀតនោះដែរនៅពេលបច្ចុប្បន្ននេះ។

ក្នុងនាមក្រសួងការបរទេសវៀតណាម និងក្រសួងពាក់ព័ន្ធ     ឯកឧត្តម Le Hoai Trung គូសបញ្ជាក់ថា នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីជំរុញឲ្យប្រទេសទាំងពីរកម្ពុជា-ថៃ ស្ដារស្ថានការណ៍ឲ្យប្រសើរឡើងវិញ ដោយត្រឡប់ទៅរកកិច្ចសន្ទនា និងអនុវត្តបទឈប់បាញ់។

    ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់ភាគីវៀតណាម ដែលបានយកចិត្តទុកដាក់ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកជឿជាក់ថា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម និងលោកនាយករដ្ឋមន្ត្រី ផាម មិញជីញ នឹងរួមចំណែកតាមរយៈយន្ដការការបរទេសទាំងក្នុងតំបន់ និងអាស៊ាន ដើម្បីដោះស្រាយគាំទ្រដល់ការស្វែងរកដំណោះស្រាយដោយសន្ដិវិធី៕