Zillion

សម្តេចក្រឡាហោម ស ខេង អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែមីនា ឆ្នាំ២០២៣ ។

នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោមនាឱកាសនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាទទួលបាននាឱកាសនេះបានឱ្យដឹងថាដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួង មហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដោយសម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ ៕

ជាមួយគ្នានេះប្រទេសទាំងពីរ កម្ពុជា-ឡាវ តែងតែរក្សាបាននូវការផ្លាស់ប្តូរទស្សនកិច្ចយ៉ាងទៀងទាត់និងគ្រប់កម្រិត ដើម្បីពង្រឹងភាពជឿទុកចិត្តគ្នាទៅវិញទៅមក និងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិរន្តរភាពយូរអង្វែង។