ប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក.ស្វាគមន៍ដំណើរទស្សនកិច្ចរបស់សិស្សវិទ្យាល័យ Lycée Français René Descartes

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សានៃសាស្រ្តាចារ្យនិងសិស្សានុសិស្សនៃវិទ្យាល័យ Lycée Français René Descartes ចំនួន ៨៧នាក់ ដើម្បីធ្វើស្វែងយល់ស៊ីជម្រៅទៅលើដំណើរឆ្ពោះទៅរកយុត្តិធម៌ និងការផ្សះផ្សារបស់ប្រទេសកម្ពុជា ។

ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្រ្តីនិងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សិស្សានុសិស្សនៃវិទ្យាល័យ Lycée Français René Descartes ដោយឯកឧត្តមបានបង្ហាញអំពីសារៈសំខាន់នៃចំណេះដឹងប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសការបង្កើត អ.វ.ត.ក. ការអនុវត្តមុខងារសេសសល់ និងយុត្តិធម៌អន្តរកាល អ.វ.ត.ក. ។
បន្ថែមពីលើអ្វីដែលឯកឧត្តមបានបង្ហាញ លោក សាន់ រ៉ាដា មន្រ្ដីផ្នែកគ្រប់គ្រងតុលាការនៃ អ.វ.ត.ក. បានបង្ហាញទិដ្ឋភាពទូទៅនៃសម័យខ្មែរក្រហម និងដំណើរការកាត់ក្ដីទៅលើមេដឹកនាំ និងអ្នកទទួល
ខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហម។ ចំណែក ឯកឧត្តម ពេជ អង្គ សហមេធាវីជាតិនាំមុខតំណាងដើម
បណ្តឹងរដ្ឋប្បវេណី បានរៀបរាប់យ៉ាងលម្អិតអំពីការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណីនៅមុនពេល
អ.វ.ត.ក. ត្រូវបានបង្កើតឡើង។
បន្ទាប់ពីបានសិក្សាស្វែងយល់តាមរយៈបទបង្ហាញរួចមក សិស្សានុសិស្សបានចូលទៅទស្សនាបណ្ណាល័យ កន្លែងសិក្សា បណ្ណសារ និងពិព័រណ៍ស្តីពីអាពាហ៍ពិពាហ៍ដោយបង្ខំក្រោមរបបខ្មែរក្រហម។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចសាស្រ្តាចារ្យដឹកនាំនិងសិស្សានុសិស្សទាំងអស់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអ.វ.ត.ក.ដែលបានផ្តល់ វគ្គបណ្ដុះបណ្ដាលដ៏មានអត្ថន័យ ប្រកបដោយខ្លឹមសារដ៏ក្បោះក្បាយ និងបានចាត់ទុកថា ជាដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ ដែលបានផ្តល់នូវចំណេះដឹងនៃបរិបទប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ដ៏សំខាន់ដល់ពួកគេ។