លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក នៅមុំបី នៅភ្នំខ្មោច នៅគោល៨ នៅប្រាសាទតាក្របី និងនៅប្រាសាទខ្នារ ក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើ
កម្លាំងកងទ័ពកម្ពុជាវេលាម៉ោង ២:១៥នាទីរសៀល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ យោធាថៃបានបន្តផ្តើមធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់ដោយនៅវេលាម៉ោង៖
១.ម៉ោង ០៤:០០នាទី រថយន្តធន់ធំចំនួន ២គ្រឿងរបស់យោធាថៃដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរើងចូលមកខាងមុខតំបន់អានសេះ។
២.ម៉ោង ០៥:០៤នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ ចំនួន ២០-២៥គ្រាប់។
៣.ម៉ោង ០៥:១៩នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃចំនួន ៣០-៣៨ គ្រាប់។
៤.ម៉ោង ០៥:២៥នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ និងកាំភ្លើងយន្តចំនួន ១០០-១២០គ្រាប់។
៥.ម៉ោង ០៥:៤០នាទី យោធាថៃបានផ្អាកការបាញ់ប្រហារ ប៉ុន្ដែកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
៦.ម៉ោង ០៦:១៣នាទី យោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀតដោយប្រើប្រាស់កាំភ្លើងMT60 ចំនួន ៣គ្រាប់។
៧.ម៉ោង ០៦:២២នាទី យោធាថៃបានបន្ដបាញ់កាំភ្លើងត្បាល់ចំនួន ៤គ្រាប់ និងកាំភ្លើងយន្ដថ្មើរជើងចូលខ្សែត្រៀមរបស់កងកម្លាំងកម្ពុជា នៅតំបន់អានសេះ។
៨.ម៉ោង ០៦:៥១នាទី យោធាថៃចាប់ផ្ដើមវាយប្រហារចូលតំបន់ប្រាសាទតាមាន់ ដោយប្រើប្រាស់រថក្រោះ។
៩.ម៉ោង ០៧:៤០នាទី យោធាថៃបន្តបាញ់ប្រហារគ្រប់គោលដៅ៖ មុំបី អានសេះ ភ្នំខ្មោច គោល៨ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ ដោយប្រើប្រាស់កាំភ្លើងធំ១៥៥mm រថក្រោះ កាំភ្លើងត្បាល់គ្រប់ប្រភេទនៅតំបន់អានសេះ។
១០.ម៉ោង ០៨:១០នាទី យោធាថៃបានបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោចយ៉ាងច្រើន។
១១.ម៉ោង ០៨:១៤នាទី យោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅតំបន់ប្រាសាទព្រះវិហារ។
១២.ម៉ោង ០៨:៤១នាទី យោធាថៃនៅបន្ដបាញ់ និងបន្ដបាញ់ផ្លោង បាញ់បុកយ៉ាងខ្លាំងនៅទីតាំងដំណាក់ស្ដេច បន្លោះថ្មដូន និងប្រាសាទតាមាន់ បច្ចុប្បន្ន មានយន្ដហោះយោធាថៃ បានហោះតាមបណ្ដោយព្រំដែន។
១៣.ម៉ោង ០៩:០៥នាទី យោធាថៃបានវាយប្រហារមកលើកងកម្លាំងកម្ពុជា ដោយប្រើយន្តហោះចម្បាំងប្រភេទ F-16 នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
១៤.ម៉ោង ០៩:៣០នាទី យោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាបន្តទៀត នៅប្រាសាទខ្នារ អូរស្មាច់ ដោយយោធាថៃបានប្រើកាំភ្លើង១២,៧ រួមទាំងរថក្រោះបាញ់បុកបន្ថែម។
១៥.ម៉ោង ១០:០០នាទី យោធានៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាយ៉ាងខ្លាំង ដោយប្រើកាំភ្លើងត្បាល់ កាំភ្លើងធំ រថក្រោះបាញ់បុកជាពិសេសខ្លាំង នៅតំបន់អានសេះ និងទិសប្រាសាទព្រះវិហារ។
គិតមកត្រឹមម៉ោង ១១:០០នាទីនេះ យោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ព និងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ។ កងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
សូមគូសបញ្ជាក់ផងដែរថា ការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះ គឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុ ជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ជាមួយគ្នានេះ ខាងភាគីថៃបានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ទាំងក្នុងបណ្តាញផ្លូវការ និងក្រៅផ្លូវការនូវព័ត៌មានមិនពិត ចោទប្រកាន់ មួលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេស ដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។
លើសពីនេះទៅទៀត ការបាញ់ប្រហាររបស់យោធាថៃបានឈានចូលដល់ក្នុងភូមិរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បណ្តាលឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន និងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រូវអស់ជាច្រើនខ្នង ដែលធ្វើឱ្យប្រជាជន ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ក្នុងនោះ អាជ្ញាធរខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានជួយសម្របសម្រួលជួយប្រជាពលរដ្ឋភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពផងដែរ។
នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។



