ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអបអរសាទរដល់ Bamnang Academy ដែលត្រូវបានជ្រើសរើសវិនិយោគដោយក្រុមហ៊ុន Plug and Play នៅ Silicon Valley សហរដ្ឋអាមេរិក

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអបអរសាទរដល់ Bamnang Academy ដែលត្រូវបាន មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជ្រើសរើសជាក្រុមហ៊ុនទី ១ របស់កម្ពុជា ដើម្បីវិនិយោគ និងមានបំណងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិត អន្តរជាតិ។ នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ Bamnang Academy ក៏ត្រូវបានជ្រើសរើស ជាជ័យលាភី ពាន់រង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំ២០២៥ ពីក្នុងចំណោមធុរកិច្ចថ្មី និងក្រុមហ៊ុន ៨៦ ដែលបានចូលរួមប្រកួតប្រជែង។ ពិធីប្រកាសពានរង្វាន់ឆ្នាំនេះ ចូលរួមដោយថ្នាក់ដឹកនាំក្រសួងស្ថាប័ន ធុរកិច្ចថ្មីឌីជីថលអាស៊ាន និងភ្ញៀវបរទេសមកពីប្រមាណ ២៧ ប្រទេស។  

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញ ចំណាប់អារម្មណ៍ ទាំងមោទនភាពថា “ការសម្រេចចិត្ត របស់ Plug and Play វិនិយោគលើ Bamnang Academy ស្ដែង ឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់គ្រប់ភាគគីពាក់ព័ន្ធក្នុងការកសាង បរិយាកាស អំណោយផល សម្រាប់ អ្នក មានសមត្ថភាព ក្នុង ការចាប់ ឱកាស រីកចម្រើន ទាំងក្នុងស្រុង និងសាកលលោក។ ការវិនិយោគនេះគឺជាសមិទ្ធផលដ៏សំខាន់ សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល របស់ កម្ពុជា ដែលកំពុងរីកចម្រើន និងឆ្លុះបញ្ចាំងពីសមត្ថភាពលេចធ្លោរបស់ធុរជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ ” ឯកឧត្ដម David L. Almirol អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វ៊ីលីពីន បានផ្ដល់ ការលេីកទឹកចិត្តជាប្រាក់រង្វាន់ដល់ក្រុមហ៊ុន Jobify និង Bamnang ចំនួន ១ម៉ឺនដុល្លារ ក្នុង ១ក្រុុមហ៊ុន។ 

Plug and Play គឺជាក្រុម ពន្លឿន ធុរកិច្ចថ្មី (Startup Accelerator) ដ៏ល្បីល្បាញ បំផុតមួយក្នុងពិភពលោក ដែលមានស្នាដៃជួយស្ថាបនិកអាជីវកម្មដំណាក់កាលដំបូងឱ្យរីកចម្រើនក្លាយជា Unicorns (ធុរកិច្ចថ្មីដែលមាន តម្លៃសរុបលើសពី ១ ពាន់ លាន ដុល្លារ) ជាង 30 នៅទូទាំងពិភពលោក។ ក្រុម ហ៊ុន Google ក៏បានពង្រីកខ្លួនចេញពីការគាំទ្ររបស់ Plug and Play ផងដែរ។ ប្រព័ន្ធអេកូឡូស៊ីរបស់ Plug and Play ភ្ជាប់ស្ថាបនិកអាជីវកម្មជាមួយអ្នកវិនិយោគធំៗ ដៃគូក្រុមហ៊ុន និងប្រឹក្សាយោបល់លំដាប់ពិភពលោក ដែលផ្ដល់មូលដ្ឋានរឹងមាំដល់ធុរកិច្ចថ្មីឱ្យពង្រីកអាជីវកម្មបានលឿនជាងមុន ច្នៃប្រឌិតដោយក្លាហាន និងឈានដល់សក្ដានុពលដែលមានតម្លៃរាប់ពាន់លានដុល្លារ។

Bamnang Academy ត្រូវបានបង្កើតដោយ អតីតនិស្សិត ៣នាក់ ដែលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងនៅសហរដ្ឋអាមេរិក ៕