
ឯកឧត្តម អុីវ លាង បើកកិច្ចប្រជុំពិភាក្សាការងារជាមួយអាជ្ញាធរដែនដី និងបូកសរុបលទ្ធផលការងារក្នុងឃុំបឹងព្រះស្រុកបាភ្នំខេត្តព្រៃវែង

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អុីវ លាង អនុប្រធានក្រុម ការងារចុះជួយស្រុកបាភ្នំ និងជាប្រធានក្រុមការងារចុះជួយឃុំបឹងព្រះ បានអញ្ជើញចូល រួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារចុះមូលដ្ឋានឃុំបឹងព្រះ នៅទីស្នាក់ការបក្សឃុំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
នាឱកាសនេះ ឯកឧត្តម អុីវ លាង បានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់ លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបានលទ្ធផលជាបន្តបន្ទាប់ និងបានចំណាយកម្លាំងកាយ ស្មារតី ជាពិសេសធនធានផ្ទាល់ខ្លួន។ ឯកឧត្តម រីករាយ ចំពោះការសហការពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋានដែលមានបំណងចូលរួមចំណែកអភិវឌ្ឍ បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ចំពោះប្រឡាយទឹកនៅភូមិប្រស្រែដែលមានពលរដ្ឋម្នាក់ពុំព្រមចូលរួមសហការនោះ ឯកឧត្តម អុីវ លាង បានស្នើឲ្យក្រុមប្រឹក្សាឃុំបន្តសម្របសម្រួល បើនៅតែពុំព្រមទៀត យើងនឹងធ្វើវេទិកាសាធារណៈ យើងចង់បានឈ្នះ-ឈ្នះទាំងអស់គ្នា បើនៅតែដោះស្រាយ ឬសម្របសម្រួលមិនបានគឺមានតែយកច្បាប់មកដោះស្រាយប៉ុណ្ណោះ។ឯកឧត្តមបានស្នើសុំបងប្អូនរាយការណ៍បើបានដឹងអ្នកទីទ័លក្រពិតប្រាកដមកក្រុមការងារចុះជួយភូមិតាម ឋានានុក្រម ហើយថា កន្លងមកប្រមុខរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ សម្តេច ក្រឡាហោម និងឯកឧត្តមប្រធានក្រុមការងារស្រុក បានដោះស្រាយបានច្រើនហើយ។ សូមធ្វើតែទង្វើល្អជាមួយប្រជាពលរដ្ឋ។ យកឱកាសនោះ ឯកឧត្តមបានស្នើអាជ្ញាធរជំរុញ ការធ្វើអត្តសញ្ញាណបណ្ណថ្មី ហើយជាមួយគ្នានេះដែរ សូមបងប្អូនចូលរួមផ្សព្វផ្សាយការធ្វើ អត្តសញ្ញាណបណ្ណទាំងនៅមូលដ្ឋាន និងកូនក្មួយចំណាកស្រុកផងដែរ។
ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញ ការងារបង្ហាញជាលទ្ធផល គឺដណ្តើមបានជោគជ័យពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងបានដាក់ចេញកិច្ចការថ្មីៗត្រូវអនុវត្ត ដើម្បីឈានទៅដណ្តើមឈ្នះ២០២៣ លើសពី
ឆ្នាំ២០២២ទៀត៕