មហោស្រពភាពយន្តលើកទី១១ នៅព្រះរាជាណាចក្រកម្ពុជាគឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅនិងយូរអង្វែងរវាងកម្ពុជានិងជប៉ុន
ថ្លែងក្នុងឱកាសពិធីបើកមហោស្រពភាពយន្តជប៉ុនលើកទី១១ នៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់ទុក មហោស្រពឆ្នាំនេះគឺជាសក្ខីភាពនៃ ចំណងមិត្តភាពដ៏ជ្រាលជ្រៅនិងយូរអង្វែងរវាងកម្ពុជានិងជប៉ុន និងបន្តពង្រឹងទំនាក់ទំនងចំណងវប្បធម៌រវាងប្រទេសទាំងពីរ ជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងភាពជាដៃគូប្រកបដោយអត្ថន័យក្នុងវិស័យនានា ហើយសកម្មភាពនេះ គឺ មិនត្រឹមតែជាការជួយជំរុញនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនប៉ុណ្ណោះទេ តែការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ ដល់ផលិតករភាពយន្តកម្ពុជាផងដែរ។
លោកជំទាវ រដ្ឋមន្ត្រី បានបន្តទៀតថា ប្រទេស កម្ពុជា និងជប៉ុនបានផ្សារភ្ជាប់ទំនាក់ទំនង និង ទំនុកចិត្តរវាងគ្នាជាយូរអង្វែងមក ហើយ ពិសេសក្នុងឆ្នាំនេះ ជាខួប លើកទី៧២ នៃ ការបង្កើតទំនាក់ទំនងការទូតរវាងគ្នា។ ប្រទេស ទាំងពីរ បានខិតខំ បន្តពូនជ្រំ បង្កើតនិងថែរក្សា ទំនាក់ទំនង ដ៏ល្អប្រសើរ ក្រោម “ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ និង កិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យជាច្រើន។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា បានបង្ហាញនូវ ចំណាប់អារម្មណ៍ ចំពោះកម្មវិធី “ក្រោយពីរីករាយ នឹងទស្សនាភាពយន្ត នឹងសង្ឃឹមថា ប្រជាជនកម្ពុជា នឹងបានឃើញនូវទិដ្ឋភាពចម្រុះ នៃសង្គមនិងវប្បធម៌របស់ប្រទេសជប៉ុន តាមរយៈការ ទស្សនា ភាពយន្ត ជាច្រើនប្រភេទ ហើយកាន់ តែចាប់អាម្មណ៍លើប្រទេសជប៉ុន។ ”មហោស្រពភាពយន្តជប៉ុនឆ្នាំនេះ ត្រូវ បានសម្ពោធ ជាមួយ នឹងការចាក់ បញ្ចាំងខ្សែ ភាពយន្ត Sunset Sunrise ដែលជាស្នាដៃដ៏ល្បីល្បាញប្រចាំឆ្នាំ ២០២៥។ ភាពយន្តនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន និងភ្ញៀវកិត្តិយសដែលបានចូលរួម ដោយសបញ្ជាក់ពីគុណភាពនៃវិស័យភាពយន្តជប៉ុននាពេលបច្ចុប្បន្ន។
គួរ បញ្ជាក់ផងដែរថា មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២៥ នឹងបន្តចាក់បញ្ចាំង ខ្សែភាពយន្ត របស់ប្រទេសជប៉ុនសរុបចំនួន១៩ រឿង ដែលមានប្រភេទផ្សេងៗគ្នាដូចជារឿងភាគ ភាពយន្តបែបប្រឌិត ភាពយន្តបែបអាថ៌កំបាំងនិងស៊ើបអង្កេត ភាពយន្តគំនូរជីវចល ភាពយន្ត បែបកំប្លែង និងភាពយន្តបែបបុរាណជាដើម។ ការចាក់បញ្ចាំងខ្សែភាពយន្តទាំងអស់នេះ នឹងប្រព្រឹត្តិឡើងជារៀងរាល់ចុងសប្តាហ៍ចាប់ពីថ្ងៃទី០៦ ខែធ្នូ ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ នៅតាមរោងភាពយន្តនានា ទូទាំងទីក្រុងភ្នំពេញ។សំបុត្រចូលទស្សនាត្រូវបានផ្តល់ជូន ដោយឥតគិតថ្លៃ សម្រាប់សាធារណជនទូទៅ ដោយអ្នក ទស្សនាអាចទទួលបានសំបុត្រ នៅទីតាំងចាក់ បញ្ចាំង ខ្សែភាពយន្ត ផ្ទាល់៕



