Zillion

កម្ពុជា ត្រៀមវិធានការទុកជាមុន ដើម្បីបញ្ជៀស ឬរាំងខ្ទប់កុំឲ្យកើតមានឡើងនូវគ្រោះមហន្តរាយដ៏អាក្រក់ដែលអាចកើតឡើង ជាយថាហេតុបណ្តាលមកពីទំនិញគ្រោះថ្នាក់

នៅទីស្តីការក្រសួង រសៀលថ្ងៃទី១៧ ខែ មីនាឆ្នាំ ២០២៣ មានរៀបចំបើកកិច្ចប្រជុំកម្រិតបច្ចេកទេស អន្តរក្រសួង រៀបចំ តាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ក្រោមអធិបតីភាព ឯកឧត្តម កែ គី រដ្ធលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ជីវ សុងហាក់ រដ្ធលេខាធិការក្រសួងយុតិ្តធម៌ ដែលជាសហប្រធាននៃកិច្ចប្រជុំ។

ឯកឧត្តម កែ គី និងឯកឧត្តម ជីវ សុងហាក់ មានប្រសាសន៍ បេីកកិច្ចប្រជុំ ដោយបានលេីកឡេីងពីសារៈសំខាន់ និងការចាំបាច់នៃការរៀបចំ តាក់តែង សេចក្តី ព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ហើយ កិច្ចប្រជុំក៏បានបន្តនិតិវិធីរបស់ខ្លួន ដោយបានធ្វើការ តាមដានស្តាប់អន្តរក្រសួងនានា ដែលត្រូវលើកយកមក នូវបទបង្ហាញ ក្នុងន័យចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមក ពាក់ព័ន្ធនិងទំនិញគ្រោះថ្នាក់ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោក នាពេលបច្ចុប្បន្ន ដោយហេតុថា មិនទាន់ ធានាបាននូវកិច្ចការពារ សុវត្ថិភាពឲ្យបានខ្ពស់នៅឡើយ ដូចដែលយើងបានជួបប្រទះកន្លងមក មានការផ្ទុះឆេះរោងចក្រ ដោយការរៀបចំទុកដាក់ទំនិញប្ញវត្ថុធាតុដើមជាសារធាតុគីមី មិនបានត្រឹមត្រូវ ការពុលដល់កម្មករ កម្មការានីរោងចក្រ ការផ្ទុះឆេះពេលដឹកជញ្ជូនជាដើម។តាមរយៈកិច្ចប្រជុំ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធាន អនុប្រធានអចិន្រ្តៃ៍និងសមាជិកក៏បាន លើកពីបណ្តាប្រទេសក្នុងតំបន់មួយចំនួនដែលកំពុងប្រឈមនិងបញ្ហាទំនិញគ្រោះថ្នាក់នេះផងដែរ តួយ៉ាងដូចនៅប្រទេសចិន ប្រទេសលីបង់និងនៅលើពិភពលោក ដែលពាក់ព័ន្ធដល់ការផលិត ការដឹកជញ្ជូន ការនាំចូល ការនាំចេញ ការស្តុកទុក ការប្រើប្រាស់ទំនិញគ្រោះថ្នាក់និងសារធាតុគ្រោះថ្នាក់ជាដើម ហើយក៏មានការបង្វែរ នូវសារធាតុគីមីផ្សំពីជំនួញត្រឹមត្រូវស្របច្បាប់ ទៅផលិតគ្រឿងញៀនខុសច្បាប់ប្ញផលិតអាវុធគីមី បំរើដល់អំពើភេរកម្មផងដែរ។ដូចនេះហើយបានជាកម្ពុជារៀបចំ តាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់នេះឡើង ក្នុងគោលបំណងត្រៀមវិធានការទុកជាមុន ដើម្បីបញ្ជៀសប្ញរាំងខ្ទប់កុំឲ្យកើតមានឡើងនូវគ្រោះមហន្តរាយដ៏អាក្រក់ដែលអាចកើតឡើង ជាយថាហេតុ បណ្តាលមកពីទំនិញគ្រោះថ្នាក់ទាំងនោះ។ដើម្បីកាត់បន្ថយហានិភ័យដែលបង្កឡើងពីទំនិញគ្រោះថ្នាក់ ក៏ដូចជាធានាកាពារសុវត្ថិភាព មនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បតិ្តនិងបរិស្ថាន អន្តរក្រសួងបានកំណត់យន្តការរួមនិងវិធានការចាំបាច់នានា សម្រាប់គ្រប់គ្រងនិងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ ដោយសេចក្តីព្រាងច្បាប់នេះ បានដាក់ឆ្លងក្នុងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសអន្តរក្រសួងចំនួន១២លើករួចមកហើយ ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៧ចូលរួម ដើម្បីពិនិត្យនិងពិភាក្សា កែសម្រួលយ៉ាងផុលផុស ទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ។សូមបពា្ជក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ គឺមាន៩២មាត្រានិង៧ជំពូក។