«សុខុមាលភាពនៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងសុវត្ថិភាពអ្នកជំងឺ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ទាំងពីរគឺអាស្រ័យគ្នាទៅវិញទៅមកជាចាំបាច់។»

រាជធានីភ្នំពេញ៖  ការថ្លែងរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះនៅក្នុងឱកាស ឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសន្និបាតរបស់សមាគមគិលានុបដ្ឋាកកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «សុវត្ថិភាពទាំងអស់គ្នា៖ លើកកម្ពស់សុខុមាលភាពគិលានុបដ្ឋាក ធានាបាននូវសុវត្ថិភាពអ្នកជំងឺ» កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥មុននេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើង បន្ថែមថា គិលានុបដ្ឋាកត្រូវថែទាំសុខភាពរបស់ខ្លួនឯងឱ្យបានល្អ ដើម្បីមានកំលាំង និងថាមពលគ្រប់គ្រាន់ ក្នុងការបម្រើសេវាជូនអ្នកជំងឺ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។ តួនាទី គិលានុបដ្ឋាក រួមចំណែកជ្រោមជ្រែងការអភិវឌ្ឍវិស័យអាទិភាពក្រសួងសុខាភិបាល ដោយផ្តោតយ៉ាងហ្មត់ចត់លើសុវត្ថិភាពអ្នកជំងឺ និងការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកផ្តល់សេវាសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា ការអភិវឌ្ឍសមត្ថភាពរបស់គិលានុបដ្ឋាក គិលានុបដ្ឋាយិកាទាំងអស់ ធ្វើឱ្យការបម្រើសេវាថែទាំអ្នកជំងឺ បានត្រឹមត្រូវតាមបច្ចេកទេស គុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ និងស្របតាមក្របខណ្ឌវិជ្ជាជីវៈថែទាំ។ វិជ្ជាជីវៈថែទាំ ជាវិជ្ជាជីវៈមួយ ដើរតួនាទីជួរមុខយ៉ាងសំខាន់ ជាបេះដូងដើរយ៉ាងសកម្ម (le cœur battant) ឆ្ពោះទៅមុខជានិច្ច ដូចជាបេះដូងនៃប្រព័ន្ធសុខាភិបាល។ សូមឱ្យគិលានុបដ្ឋាក ចូលរួមក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់មតិយោបល់មួយចំនួន ដល់សមាជិក សមាជិកា សមាគម ចំណុចគួរចងចាំ ដូចខាងក្រោម៖
1- គិលានុបដ្ឋាក គឺជារូបភាព របស់សុខាភិបាល ៖ គិលានុបដ្ឋាក ប្រៀបដូចជាម្តាយនៅក្នុងគ្រួសារ ដែលផ្តល់ការថែទាំយ៉ាងកក់ក្តៅ និងទទួលខុសត្រូវលើអនាម័យក្នុងមន្ទីរពេទ្យ
2- គិលានុបដ្ឋាក ជាអ្នកទំនាក់ទំនង៖ ជាអ្នកជួយអ្នកជំងឺដំបូងគេ  ជាអ្នកទំនាក់ទំនងជាមួយគ្រប់សហភាតរៈ ក្នុងការថែទាំអ្នកជំងឺឱ្យមានប្រសិទ្ធភាព។
3- គិលានុបដ្ឋាក ជាអ្នកអប់រំ៖ ផ្តល់ការប្រឹក្សាជាមួយអ្នកជំងឺ និងក្រុមគ្រួសារតាំងពីចូលដំបូង រហូតដល់ចេញពីមន្ទីរពេទ្យ។
4- គិលានុបដ្ឋាក ជាភ្នាក់ងារសម្របសម្រួលក្នុងសេវាសុខាភិបាលឱ្យមានសុជីវភាពខ្ពស់
5- គិលានុបដ្ឋាក ជាស្ថាបត្យករថែទាំ ក្នុងវិស័យសុខាភិបាល
6- គិលានុបដ្ឋាក ដើរតួជាជនគំរូឥរិយាបថ ទាំងកាយវិការ និងពាក្យសំដី ដើម្បីបម្រើសេវាប្រកបគុណភាពជូនអ្នកជំងឺ។

លោកស្រី ប៉ៃ  សុខលឹម ប្រធានសមាគមគិលានុបដ្ឋាកកម្ពុជា បានជម្រាបជូនថា÷
ចំពោះ បេសកកម្ម និងចក្ខុវិស័យរបស់សមាគមគិលានុបដ្ឋាកកម្ពុជា   បេសកម្មរបស់សមាគមគិលានុបដ្ឋាកកម្ពុជា គឺផ្តល់ភាពជាអ្នកដឹកនាំការថែទាំ និងសំឡេងរួមសម្រាប់គិលានុបដ្ឋាកដើម្បី៖ លើកកម្ពស់វិជ្ជាជីវៈថែទាំតាមរយៈ ការបណ្តុះបណ្តាលពង្រឹងគុណភាព ការអនុវត្តផ្អែកលើភស្តុតាង ការបណ្តុះបណ្តាល និងគំនិតផ្តួចផ្តើមស្រាវជ្រាវ និងផ្តល់នូវសកម្មភាព អភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD) សម្រាប់គិលានុបដ្ឋាក។

.ផ្តួចផ្តើមគំនិត បណ្តុះភាពម្ចាស់ការ ស្វ័យភាព និងវិជ្ជាជីវៈនិយម។ ផ្តល់ការគាំទ្រតម្លៃនៃការថែទាំ និងតួនាទីសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព សុវត្ថិភាព និងការចូលរួមអភិវឌ្ឍន៍គុណភាពសេវា ថែទាំ។

.បង្កើត និងរក្សាភាពជាដៃគូ និងបណ្តាញដ៏រឹងមាំជាមួយអ្នកពាក់ព័ន្ធ ដើម្បីលើក កម្ពស់វិជ្ជាជីវៈថែទាំ និងតួនាទីរបស់សមាគម នៅទូទាំងប្រទេស ជាមួយនឹង សមាគមគិលានុបដ្ឋាកជាតិឯទៀត (NNAs) និងក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរ ជាតិ (ICN)។

លោកស្រីប្រធានសមាគម បានលើកឡើងបន្ថែមថា ដោយឡែកចក្ខុវិស័យរបស់សមាគមគិលានុបដ្ឋាកកម្ពុជា អ្នកផ្តល់ការថែទាំដែលមានជំនាញវិជ្ជាជីវៈថែទាំ និងមានការគ្រប់គ្រងបានល្អ ជាអ្នកផ្តល់នូវការថែទាំប្រកបដោយបរិយាកាសសុវត្ថិភាព ដែលការថែទាំផ្តោតជាចម្បងលើ មនុស្ស ដែលជាអ្នកជំងឺ/អតិថិជន ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ច ពូជសាសន៍ឬ ជាតិសាសន៍ សាសនា  និន្នាការនិងនយោបាយ ឬជម្លោះរបស់ពួកគេឡើយ។ ផ្តល់ការ ថែទាំដែលមានលក្ខណៈស្របច្បាប់ ស្របតាមបច្ចុប្បន្នភាពនៃវិទ្យសាស្ត្រ ផ្អែកលើភស្តុតាង និងសមស្របទៅនឹងបរិបទនយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌របស់ប្រទេស កម្ពុជា។