ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើទម្រង់និងរចនាបថក្នុងការសាងសង់សួនឧទ្យានអនុស្សាវរីយ៍ ទីសក្ការៈ និងសមុហចេតិយ

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើគម្រោងនៃការកសាងសួនឧទ្យានអនុស្សាវរីយ៍ ទីសក្ការៈ និងសមុហចេតិយ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងនៅបើក «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេស លើកទី ៣៣» កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ ដែលបានណែនាំឱ្យក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយកទាំងគណៈ ការរៀបចំសមុហចេតិយ ឱ្យបានសមស្របទៅនឹងការអភិវឌ្ឍរបស់សង្គមកម្ពុជា ។

កិច្ចប្រជុំនេះមានការ យាង និមន្ត និងអញ្ជើញចូលរួមជាព្រះរាជាកិត្តិយសពីសំណាក់ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឧកញ៉ា ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិន ផារ៉ាដាយ និងថ្នាក់ដឹកនាំនិងក្រុមការងារជំនាញរបស់ក្រុមហ៊ុន យិន ផារ៉ាដាយ នាសាលផ្កាក្រវ៉ាន់ ក្រសួងធម្មការនិងសាសនា ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានមានប្រសាសន៍ ទូលថ្វាយ ប្រគេន និងជម្រាបជូនថា កិច្ចប្រជុំនាឱកាសនេះ មានគោលបំណងពិចារណា គិតគូរ រកកន្លែងសមរម្យណាមួយ សម្រាប់រៀបចំធ្វើសមុហចេតិយ កន្លែងបញ្ចុះសព ដើម្បីជំនួសឱ្យការធ្វើចេតិយ ផ្នូរ ម៉ុងនៅក្នុងទីវត្តអារាម ស្របទៅនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងក្នុងពិធីបើក អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នាពេលកន្លងទៅ ដោយសូមឱ្យក្រសួងធម្មការ និងសាសនា រួមជាមួយគណៈសង្ឃទាំងពីរគណៈ។

ដោយឡែកឆ្លើយតបទៅនឹងអនុសាសន៍នេះ ក្រសួងបានមើលឃើញទីតាំងដែលក្រុមហ៊ុន យិន ផារ៉ាដាយ ស្ថិតនៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត សមស្របទៅនឹងដំណើរការនៃការរៀបចំគម្រោងចេតីយរួមដែលធ្វើឡើងជាចំណែកមួយក្នុងការរៀបចំសហការជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផ្នូដូនតា ឱ្យដូចទៅនឹងប្រទេសជឿនលឿនដែលមានកន្លងមក ដោយមានបន្ថែមកន្លែងសក្ការៈមួយចំណែក និងពិនិត្យលើរចនាបថនិងទម្រង់នៃបដិមា ជូន អង្គប្រជុំពិនិត្យសិក្សាឱ្យបានត្រឹមត្រូវស្របតាមរចនាបថនិងទម្រង់នូវបដិមាដែលគ្រោងនឹងសាងសង់៕