ពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងត្រូវស្ថាបនាឡើងក្រោមគំនិតផ្ដួចផ្ដើមសម្តេចធិបតី ហ៊ុន ម៉ាណែត

(ព្រះសីហនុ) បន្ទាប់ពីគំនិតដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដួចផ្ដើមឱ្យមានការស្ថាបនាសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ដើម្បីឆ្លើយតបសំណូមពរប្រជាពលរដ្ឋ និងអភិវឌ្ឍវិស័យកីឡា ព្រមទាំងទាក់ទាញទេសចរណ៍ជាតិអន្តរជាតិ មកទស្សនាខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់ច្រើនថែមទៀត។ 

នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីជំរុញគម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ។ 

ពហុកីឡដ្ឋានថ្មីមួយនេះ ស្ថិតនៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងមានសមត្ថភាពផ្ទុកអ្នកទស្សនាប្រមាណ ៣១,៥០០នាក់ ហើយត្រូវបានចាត់ ទុកជាសមិទ្ធផលថ្មីមួយទៀត ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី។ ក្រៅពី ទីលានប្រកួត ពហុកីឡដ្ឋាននេះក៏នឹងមានបញ្ចូលនូវអគារសារមន្ទីរ សួនទេសចរណ៍ សាលមហោស្រព និងកន្លែងបោះតង់ផងដែរ។ ការសាងសង់នឹងអនុវត្តតាមរចនាបថសហសម័យ (Modern) ដោយធានាគុណភាពខ្ពស់ និងបញ្ចូលអត្តសញ្ញាណជាតិ។ 

ស្របពេលគ្នានេះ ប៉ុន្មានថ្ងៃខាងមុខទៀត ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ 

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងប្រមូលផ្តុំកីឡាករមកពី៣៧ ប្រទេស ដែលជាការបង្ហាញពីការទទួលស្គាល់យ៉ាងទូលំ ទូលាយចំពោះកីឡាគុនខ្មែរ និងកំពុងល្បីរន្ទឺកាន់តែខ្លាំងលើឆាកអន្តរជាតិ៕