
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញចូលរួមជាអធិបតីបើកសន្និបាតវេជ្ជសាស្ត្រ សមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា អាណត្តិទី១០ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣

លោកសាស្ត្រាចារ្យ ប៉ូ រដ្ឋា ប្រធានសមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក បានថ្លែងថា សមាគមបានសហប្រត្តិបត្តិការជាមួយមន្ទីរពេទ្យព្រះអង្គឌួង ដែលជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេស ត្រចៀក ច្រមុះ បំពង់ក និងជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងដើម្បីរៀបចំជាទិវាវេជ្ជសាស្ត្រដើម្បីបណ្តុះបណ្តាលក្រុមគ្រូពេទ្យORL កម្ពុជាតាម VIDEO Conference បានចំនួន៤ដងរួចមកហើយដែរ ក្រៅពីនេះយើងក៏មាន ការសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យ បរទេសមួយចំនួនផ្សេងទៀតផងដែរ ដូចជាប្រទេសបារាំង ម៉ាឡេស៊ី អង់គ្លេស អាមេរិក អូស្ត្រាលី នេប៉ាល់ សាំងហ្គាពួរ ដើម្បីជួយវះកាត់ជូន ប្រជាជនកម្ពុជាយើង និងជួយបង្ហាត់បង្រៀនជំនាញ ឬ ផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់ក្រុមគ្រូពេទ្យថ្មី និងនិស្សិត ដើម្បីអោយគ្រូពេទ្យ រឺនិស្សិតយើងមានសមត្ថភាពនិងបន្តវេន មានសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ ស្តង់ដាតែមួយ ប្រើភាសាតែមួយដើម្បីព្យាបាលជំងឺ ជូនប្រជាជន ប្រកបដោយប្រសិទ្ធភាព ផ្ដល់នូវទំនុកចិត្តនិងភាពជឿជាក់ដល់ប្រជាជន ដើម្បីកាត់បន្ថយនូវ លំហូរទៅព្យាបាលនៅក្រៅប្រទេសស្របតាមគោលនយោបាយក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា ការព្យាបាលប្រជាពលរដ្ឋផ្នែកជំងឺ ត្រចៀក ច្រមុះ បំពង់ក មានប្រសិទ្ធភាព បានជួយកាត់បន្ថយភាពក្រីក្រ និងលំហូររបស់ប្រជាពលរដ្ឋទៅព្យាបាលនៅក្រៅប្រទេស ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា សមាគមគ្រូពេទ្យត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ។ ជាមួយគ្នានេះ ការអនុវត្តរបស់សមាគមកន្លងមកនេះគឺបង្ហាញពីការអភិវឌ្ឍរីកចម្រើនពិតប្រាកដជាគំរូមួយ ដល់សមាគមវេជ្ជសាស្ត្រផ្សេងៗទៀតក្នុងការអនុវត្តតាម និងការជួយព្យាបាលឲ្យប្រជាជនរបស់យើង ក្នុងការជួយកាត់បន្ថយភាពក្រីក និងបន្ថយនូវលំហូរចេញទៅព្យាបាលនៅបរទេស ក្នុងន័យបន្ថែម ជំនឿទុកចិត្តដល់ប្រជាជនយើង ដែលបញ្ហាទាំងអស់នេះស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ ក្រសួងសុខាភិបាល ក៏ដូចជាយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលសម្តេចតេជោ តែងតែយកចិត្តទុកដាក់ ដល់បញ្ហាសុខភាពប្រជាជនជាចម្បង។
ឯកឧត្តមសាស្ត្រាចារ្យ បានបន្ថែមថា សមាគមបានសហការជាមួយ មន្ទីរពេទ្យ JIKEI ប្រទេសជប៉ុន ដើម្បីជួបជុំសាមគ្គីភាពដ៏រឹងមាំរវាងសមាជិក សមាជិកា សមាគម ទាំងអស់ទាំងក្នុងប្រទេស និងក្រៅប្រទេស និងបានបង្ហាញពីការចែករំលែកនូវបទពិសោធន៍ល្អៗឲ្យគ្នាទៅវិញទៅមក និងចេះជួយលើកទឹកចិត្តដល់សមាជិក សមាជិការបស់សមាគមទាំងមូល៕